(ភ្នំពេញ)៖ កម្លាំងការិយាល័យបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ អនុវត្តតាមការណែនាំរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្មំពេញ បាននាំរថយន្តទឹក១១គ្រឿង បាញ់ទឹកបន្ថយកំដៅដើម្បីត្រៀមៗសម្រាប់អ្នកចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ នៅរសៀលថ្ងៃទី០១ ឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូរឡាំពិក ឲ្យត្រជាក់ត្រជុំសប្បាយរីករាយ ក្នុងការចូលរួមទស្សនាបាល់ទាត់។

សូមបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍បាល់ទាត់នេះធ្វើឡើង ដើម្បីរឹតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សាលារាជធានីភ្នំពេញ និងក្រុមបាល់ទាត់កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ) ក្នុងការអប់រំផ្សព្វផ្សាយប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខៗផ្សេងទៀតដែលខុសច្បាប់ សីលធម៌សង្គម។

ម្យ៉ាងទៀត ដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីបទបញ្ជា ០១ ប.ប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់សុខភាពតាមរយៈព្រឹត្តិការណ៍ និងប្រមូលមូលនិធិសប្បុរសធម៌ជួយដល់មជ្ឈមណ្ឌលជាតិប្រឆាំងគ្រឿងញៀន និងមន្ទីពេទ្យគន្ធបុប្ផា៕