(បន្ទាយមានជ័យ)៖ ក្មេងទំនើង៣០នាក់ មានប្រុសស្រី និងមានម៉ូតូ៥គ្រឿង បានប្រមូលផ្តុំគ្នានៅតាមផ្លូវទីសាធារណៈ ត្រូវបានអាវុធហត្ថឃាត់ខ្លួនយកមកអប់រំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ​អាវុធហត្ថ​ខេត្ត លោកបានដាក់បទបញ្ជា យ៉ាងតឹងដល់អាវុធហត្ថទាំងអស់ ត្រូវចុះបង្ក្រាបឲ្យខានតែបានរាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ក្នុងនោះមានក្មេងទំនើងផងដែរ។

លោកបានចាត់ឲ្យលោកអនុសេនី​យ៍ឯក ម៉ែ​ន ស៊ីដែន មេបញ្ជាកា​ររងមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹក​នាំកម្លាំង​ចំនួន២០​នាក់ ចុះល្បាតនៅតាមភូមិសាស្រ្តក្រុងប៉ោយប៉ែត ស្រាប់តែបានប្រទះឃើញក្មេងទំនើង ៣០នាក់ មានប្រុសស្រីកំពុងផ្តុំគ្នាយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវជាតិនៅវេលាម៉ោង១យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅចំណុច​ក្រោយ​កាស៊ីណូ ពូលី ស្ថិតក្នុងភូ​មិក្បាល​ស្ពាន២។

ក​ងរាជអាវុធហត្ថឃាត់ខ្លួនបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួនាំ ក្នុងនោះបានធ្វើតេសទឹកនោមរកសាធាតុញៀន ជាលទ្ធផលពុំមានសា​រធាតុ​ញៀន​ទាំងអស់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា កម្លាំងបា​ន​អប់រំណែ​នាំ ធ្វើកិច្ច​សន្យាឲ្យអាណាព្យាបា​លមកធានាយកត្រឡប់ទៅ​លំនៅដ្ឋាន​វិញ។

លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន បានអំពាវនាវបង​ប្អូនប្រជា​ពលរដ្ឋ សូមចូលរួមអនុវត្តនូវគោ​លនយោបាយភូមិឃុំ មានសុវត្ថិភាពទាំងអស់គ្នា សូមរាយ​កា​រណ៍រាល់បទ​ល្មើសផ្សេងៗ ដែលកើត​មានឡើងក្នុងមូលដ្ឋាន ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា ដូចជាក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណីគ្រឿងញៀនជាដើម។

លោកបានផ្ញើសារដល់យុវជនទាំងអស់ ត្រូវខិតខំរៀនសូ​ត្រកុំប្រព្រឹត្តនូ​វអំពើដែល​សង្គមស្អប់ខ្ពើម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន៕