(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យស្ថានភាពប្រភពទឹក១មករា សម្រាប់ផ្គត់ផ្គង់ឲ្យការផលិតទឹកស្អាត ដើម្បីអន្តរាគមន៍បូមទឹកបញ្ជូនទៅស្ថានីយផលិតទឹកស្អា ដែលកំពុងមានខ្វះខាតទឹកក្នុងស្រុកបារាយណ៍ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

លោក ងួន រតនៈ បានបញ្ជាក់ថា ការអន្តរាគមន៍បូមទឹកបញ្ជូនទៅស្ថានីយផលិតទឹកស្អាតដែលកំពុងមានខ្វះខាតទឹក ព្រោះពុំមានភ្លៀងធ្លាក់នោះឡើយ ហើយអាកាសធាតុក៏កាន់តែក្តៅ ប្រភពទឹកតាមបឹង ត្រពាំងមួយចំនួនក៏មានការរីងស្ងួតជាបណ្ដើរៗ។

លោកបានអំពាវនាវសូមបងប្អូន ប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារប្រភពទឹកតាមការណែនាំរបស់អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេស ហាមដាច់ខាត ការធ្វើស្រែប្រាំងនៅទីតាំងដែលគ្មានប្រភពទឹក គ្រប់គ្រាន់ ប្រឈមនឹងបញ្ហាខូចខាតដំណាំស្រូវផងដែរ។

លោកបន្តថាប្រភពទាំងទឹកនេះហាមដាច់ខាតមិនឲ្យប្រជារដ្ឋយកទៅពង្រីផ្ទៃដីធ្វើស្រែប្រាំងនោះទេ គឺសម្រាប់ផ្គត់ផ្គង់មនុស្ស និងសត្វតែប៉ុណ្ណោះ។ ដូចនេះសូមឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធយកចិត្តទុកដាក់បំផុត ត្រូវរក្សាប្រភពទឹកនេះ ដើម្បីឱ្យបងប្អូនជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់នៅក្នុងរដូវប្រាំងនេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលតម្រូវការប្រើប្រាស់ប្រភពទឹក ពីក្រុមប្រតិបត្តករទឹកស្អាតមាន៣ទីតាំង ដែលមានតំបន់សេវាកម្មចំនួន០៩ឃុំ ដែលមានគ្រួសារចំនួន ២៤.៣៩៣គ្រួសារ និងប្រជាជនដែលកំពុងប្រើប្រាស់ទឹកស្អាតទាំងបីទីតាំងសរុបចំនួន១២.១២៦នាក់ផងដែរ៕