(ភ្នំពេញ)៖ ជារឿងដ៏សែនរីករាយបំផុតសម្រាប់កម្ពុជា បន្ទាប់ពីទន្ទឹងរង់ចាំអស់ពេលជាយូរ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងបើកសម្ពោធជាផ្លូវការហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអបអរសាទរ ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ដែលបានពង្រីកធុរកិច្ច របស់ខ្លួន ជាមួយនឹងទំនុកចិត្ត និងការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការបណ្តាក់ទុនបន្ថែមលើអាជីវកម្មរបស់ខ្លួន ពីលើការនាំចូលរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទទាំងស្រុង មកជាការដំឡើងរថយន្តទាំងពីរប្រភេទក្នុងស្រុក ជាមួយការវិនិយោគ និងដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តថ្មីមួយនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ប្រកបដោយសក្ដានុពលខ្ពស់នៅកម្ពុជា។

សម្តេចធិបតីបន្តថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតារបស់ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) នេះ គឺជាការសក្ខីភាពបង្ហាញនូវទំនុកចិត្ត និង សក្ដានុពលនៃប្រទេសកម្ពុជា ជូនបណ្ដាវិនិយោគិននានា ដែលកំពុងចាប់អារម្មណ៍លើឱកាសវិនិយោគនៅ កម្ពុជា ។ ទន្ទឹមនេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia ឱ្យបន្តពិនិត្យលើសក្តានុពលថ្មីៗរបស់កម្ពុជាថែមទៀត ជាពិសេស ពិនិត្យលទ្ធភាពពង្រីក ការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក រួមទាំងការផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃក្នុងស្រុក ទៅនឹងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងបណ្ដារោងចក្រដៃគូនៅក្នុងតំបន់ ។

រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និង ក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២,៩៧១ម២។

រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលមានទុនវិនិយោគ ចំនួន ៣៦,៧៨១,០០០ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយ មានសមត្ថភាពដំឡើងរថយន្តចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការ ទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង។

ក្រៅពីរោងចក្ររបស់ក្រុមហ៊ុនតូយ៉ូតា បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្ត សរុបចំនួន៥រួចមកហើយរួមមាន៖

ទី១៖ រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២, នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG។
ទី២៖ រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD។
ទី៣៖ រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI។
ទី៤៖ រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ចាប់ផ្តើមឆ្នាំ២០២៣, នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA។
ទី៥៖ រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាល, និងកំពុងដំណើរការសាកល្បង៕