(ភ្នំពេញ)៖ លោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន (City Rice Import Export Co. Ltd) នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បាននាំយកអំណោយជាអង្ករចំនួន ៥តោន ប្រគល់ជូនលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីចូលរួមចំណែកបម្រើដល់ការងារមនុស្សធម៌ និងកិច្ចគាំពារដល់មន្រ្តីមានជីវភាពខ្វះខាត ដែលនេះគឺជាការចូលរួមចំណែកក្នុងសកម្មភាពការងារមនុស្សធម៌។

ក្នុងពិធីប្រគល់ និងទទួលអង្ករនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។

លោកឧកញ៉ា ឡាយ ឈុនហួ បានបញ្ជាក់ថា ការនាំយកនូវអង្ករ ដែលមានគុណភាពល្អ យកមកជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាននេះ គឺដើម្បីជាការគាំទ្រដល់កិច្ចការមនុស្សធម៌ និងកិច្ចគាំពារដល់មន្ត្រី ដែលលោករដ្ឋមន្ត្រីតែងតែផ្តល់ជូននូវស្បៀងអាហារប្រចាំខែសម្រាប់សម្រាលបន្ទុកដល់អ្នកមានការខ្វះខាត និងជួបការលំបាកក្នុងជីវភាព។

លោកឧកញ៉ា ឡាយ ឈុនហួ បានជម្រាបថា រោងម៉ាស៊ីនស្រូវ ឡាយ សែ និងក្រុមហ៊ុន City Rice Import Export Co., LTD. ដែលមានទីតាំងនៅស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើអាជីវកម្មវិយោគលើការនាំអង្ករទៅកាន់ទៅផ្សារអន្តរជាតិ ជាច្រើនឆ្នាំមកហើយ ជាពិសេសក្រុមហ៊ុន City Rice Import Export ដែលបាននាំយក «អង្កររំដួល» កម្ពុជា ទៅចូលរួមប្រកួតក្នុងវេទិកាស្រូវ-អង្ករ ពិភពលោក និងទទួលបានពានរង្វាន់លេខ១ ជា «អង្ករល្អដាច់គេ»។

លោកឧកញ៉ាបានគូសបញ្ជាក់ផងដែរថា ក្រុមការងារគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន City Rice Import Export Co.,LTD. មានមោទនភាពដែលការខិតខំប្រឹងប្រែង រើសយកអង្ករប្រណិត ដើម្បីភាពល្បីល្បាញ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ជាពិសេសចំពោះប្រជាកសិករ ដែលដាំដំណាំស្រូវ មានគុណភាពល្អបំផុត ហើយក្រុមហ៊ុនសន្យាថានឹងបន្តការខិតខំប្រឹងប្រែងរក្សាគុណភាពឱ្យបានខ្ពស់ជាដរាប។

លោក នេត្រ ភក្ត្រា បានសម្ដែងនូវការអរគុណដល់ លោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន (City Rice Import Export Co. Ltd) ដែលបាននាំយកនូវអង្ករចំនួន ៥តោន ដែលមានគុណភាពខ្ពស់មកជូនដល់ក្រសួងព័ត៌មាន នាឱកាសនេះ ស្របពេលដែលក្រសួង មានការគិតគូរពីជីវភាពរស់នៅរបស់មន្ត្រីរាប់រយនាក់ដែលមានជីវៈភាពខ្វះខាត ដោយបានឧបត្ថម្ភអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួនជាប្រចាំខែ។

លោករដ្ឋមន្រ្ដីបានបន្ថែមថា ទន្ទឹមនេះ ក្រសួងព័ត៌មាន ក៏បានគិតគូរខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់មន្រ្តីរាជការដោយក្រសួងព័ត៌មានបានសហការជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព។

សូមរម្លឹកផងដែរថា អង្ករពូជស្រូវសែនក្រអូបកម្ពុជា បានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករ ស គ្រាប់វែង ចិន-អាស៊ាន លើកទី១៕