(ភ្នំពេញ)៖ ឆ្លើយតបនូវឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង ដើម្បីពិភាក្សាការងារបង្ការទប់ស្កាត់គ្រឿងញៀន។

គោលបំណងនៃជំនួបនេះដើម្បីធ្វើបច្ចុប្បន្នភាពសៀវភៅអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កម្រិត បឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ដើម្បីត្រៀមបោះពុម្ពបន្ថែម ដើម្បីចែកជូនលោកគ្រូ អ្នក គ្រូនៅតាមគ្រឹះស្ថានសិក្សា ការរៀបចំវគ្គបំប៉នជនបង្គោលផ្ដោតលើការអប់រំ ផ្សព្វផ្សាយបង្ការ ទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀនកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិនៅតាមសាលារៀនគំរូ និងការដាក់បញ្ចូលកម្មវិធីសិក្សាលើមុខវិជ្ជាអប់រំសុខភាពគ្រប់កម្រិតថ្នាក់ចាប់ពីឆ្នាំសិក្សា២០២៥ និងការកៀរគរការគាំទ្រផលិតវីដេអូអប់រំស្ដីពីការបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។

លោកស្រីបណ្ឌិត សឿ សុជាតា បានឱ្យដឹងថា ការអនុវត្តការអប់រំបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឱ្យបានស្រុះដៃគ្នា គ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ក្រោមជាតិ ហើយការងារនេះគឺត្រូវរើសជនបង្គោលពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ យុវជនកាកបាទក្រហមដែលមានស្រាប់មកបណ្ដុះបណ្ដាលនៅតាមសាលារៀនគំរូ ចំនួន៧៩២ (អនុវត្តបីដំណាក់កាលឆ្នាំ២០២៤-២០២៦ លើសាលាបឋមសិក្សា៣៤៨ មធ្យមបឋមភូមិ៣៤៨ និងទុតិយភូមិ៩៦) លើមុខវិជ្ជាអប់រំសុខភាពគ្រប់កម្រិតថ្នាក់ចាប់ពីឆ្នាំសិក្សា២០២៥ ហើយទិសដៅអប់រំបន្ដគឺការផលិតវីដេអូអប់រំស្ដីពីការបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានឱ្យដឹងដែរថា យើងបានធ្វើបច្ចុប្បន្នភាព និងត្រៀមបោះពុម្ពសៀវភៅអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កម្រិតបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ដើម្បីចែកជូនលោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សា ដែលការងារបន្តគឺត្រូវការចាំបាច់ក្នុងការរៀបចំវគ្គបំប៉នជនបង្គោលដើម្បីបំពេញការងារដោយប្រសិទ្ធភាពហើយរយៈពេល៣ឆ្នាំខាងមុខ អត្រានៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នឹងមានការថយចុះដល់កម្រិតទាបបំផុតទន្ទឹមនេះ គឺយើងត្រូវបង្កើតឧបករណ៍សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃលទ្ធផល៕