(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងថា គម្រោងព្រែកជីកហ្វូណន-តេជោ បានបង្កើតជាចលនាគាំទ្រយ៉ាងស្រុះគ្នា ដោយសារមានការផ្សព្វផ្សាយបានផុលផុស និងប្រើប្រាស់ការបញ្ចេញមតិរួមគ្នា ដើម្បីជំរុញគាំទ្រនូវអ្វី ដែលជាផលប្រយោជន៍ជាតិ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សន្ទុះនៃការបំផុសទឹកចិត្ដរបស់យើង ជាពិសេសនៅក្នុងគាំទ្រដល់រាជរដ្ឋាភិបាល ទៅដល់សម្ដេចតេជោ ក្នុងការជំរុញអភិវឌ្ឍន៍ប្រទេស ដូចជាក់ស្ដែងរឿង បញ្ហាព្រែកជីកហ្វូណន គឺបានបង្កើតជាចលនាជាតិនិយមមួយធំណាស់ ហើយបង្កទៅបាន ដោយសារការផ្សព្វផ្សាយស្រុះគ្នា ប្រើប្រាស់សិទ្ធិ និងប្រើប្រាស់ការបញ្ចេញមតិរួមគ្នា ដើម្បីជំរុញគាំទ្រនូវអ្វី ដែលជាផលប្រយោជន៍ជាតិយើង»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការផុលផុសនេះ គឺជាអំណាចទី៤ ដែលជាអំណាចធំណាស់ នៃការប្រមូលផ្ដុំកម្លាំងជាតិ អត់ចាំបាច់ចេញពីបទបញ្ជារាជរដ្ឋាភិបាល, មិនចាំបាច់ ត្រូវការចេញពីតុលាការ ចេញពីច្បាប់នោះទេ តែទឹកចិត្ដការបំផុសនូវចលនានេះ តាមរយៈការចែករំលែកព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលជាអំណាចយើងមើលមិនឃើញ និងមិនមានចែងនៅក្នុងបទដ្ឋាន ប៉ុន្ដែជាការបំផុសមួយដ៏ធំ។

គូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលបានគាំទ្រ។ សម្តេច បានបន្តថា មិនឃើញមានចលនាគាំទ្រណា ដូចការគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោនោះទេ។

គម្រោងព្រែកជីកហ្វូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។

ពោលព្រែកជីកនេះ ជាចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ ឲ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅថ្នាក់តំបន់ និងពិភពលោក ព្រមទាំងអាចជួយរំដោះទឹកជំនន់ នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹក សម្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូន កសិផលនានាពីតាមបណ្តាខេត្ត ឲ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម។

គម្រោងព្រែកជីកនេះដែរ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្រ របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង សរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះ គ្រោងចំណាយទុន ប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ ដោយប្រើពេលវេលា២៦ខែ។

គម្រោងនេះ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ក្នុងឆ្នាំ២០២៣ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយក៏ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទាំងសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជីកព្រែកជីកហ្វូណន-តេជោ ដើម្បីបម្រើប្រយោជន៍ ផ្នែកសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក រវាងទន្លេ និងសមុទ្ររបស់កម្ពុជា៕