(កំពង់ចាម)៖ លោក ខ្លូត ចិន្ដា អភិបាលរងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមទ្ធិផលនានា ក្នុងបរិវេណវត្តពោធិអម្ពវ័ន (ស្វាយទាប) ស្រុកចំការលើ។

លោកអភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តនិរន្តរភាព និងចក្ខុវិស័យ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋបន្តទៀត។ ពោលគឺការបន្តរក្សាសុខសន្តិភាព ដែលជាការខិតខំ ដ៏លំបាករបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

លោក ខ្លូត ចិន្ដា បានបន្តថា ការបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងបើកវេទិកាសាធារណៈតាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាល ផ្តោតទៅលើកិច្ចការសំខាន់ៗ មានដូចជា៖ ល្បែងស៊ីសងគ្រប់ប្រភេទ ករណីឆបោក, ករណីគ្រឿងញៀន, ករណីក្មេងទំនើង, ការប្រមូលយកនូវកង្វល់ សំណូមពរ ដើម្បីធ្វើការដោះស្រាយ។

ទន្ទឹមនិងនោះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងពុទ្ធចក្រ និងអាណាចក្រ និងការយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដូចជាការគិតគួរអំពីសុខុមាលភាព, ការដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានជីវភាពជួបការលំបាកជាដើម៕