(ភ្នំពេញ)៖ លោក អ៊ុង គង្គា បានដឹកនាំប្រតិភូតំណាងអង្គការសប្បុរសធម៌ខ្វនថឹម នាំយកថវិកាចំនួន២០០០០ដុល្លារអាមេរិក បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យ ដែលបានពិនិត្យ និងព្យាបាលកុមារជាង១លាននាក់ជារៀងរាល់ឆ្នាំ។

ពិធីប្រគល់ និងទទួលថវិកា ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យគន្ធបុប្ផាទី២ ដោយមានវត្តមានលោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា ។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុង គង្គា ប្រធានអង្គការសប្បុរសធម៌ខ្វនថឹម បានលើកឡើងថា យើងខ្ញុំតំណាងអោយអង្គការសប្បុរសធម៌ ខ្វន ថឹម សូមសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានយកអស់ពីកំលាំងកាយចិត្ត ព្យាបាលអ្នកជំងឺកុមារដ៏ច្រើន ជារៀងរាល់ឆ្នាំ។

លោក អ៊ុង គង្គា មានប្រសាសន៍ថាថា កន្លងមក យើងខ្ញុំបានឃើញព័ត៌មាន សហគ្រាស និងស្ថាប័នជាច្រើន បានបរិច្ចាគថវិកាជាបន្តបន្ទាប់ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។យើងខ្ញុំសូមចូលរួមចំណែកគាំទ្រ នូវសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ។

លោកបានបន្តថា ដោយសារអង្គការសប្បុរសធម៌ខ្វនថឹម ទើបបានបង្កើតឡើងមិនយូរប៉ុន្មាន កំលាំងធនធាននៅមានកំរិត លោកសូមធ្វើការបរិច្ចាគថវិកា ជាលើកដំបូងចំនួន២ម៉ឺនដុល្លាអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា។ ពិតមែនតែចំនួនថវិកានេះមិនច្រើន តែបានបង្ហាញពីទឹកចិត្ត និងការគាំទ្ររបស់យើងខ្ញុំ ចំពោះមន្ទីរពេទ្យគន្ធបុប្ផា។

សូមលោកអគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា មេត្តាទទួលយកថវិកាទាំងនេះ ដើម្បីប្រើប្រាស់ ក្នុងបេសកកម្មរបស់មន្ទីរពេទ្យ ជួយសង្គ្រោះជីវិតអ្នកជំងឺអោយកាន់តែច្រើន។

លោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ អគ្គនាយកមន្ទី រពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណ ប្រតិភូនៃអង្គការសប្បុរធម៌ខ្វនថឹម ដែលបានចូលរួមបរិច្ចាគថវិកា ដើម្បីទ្រទ្រង់សម្មភាពរបស់មន្ទីរពេទ្យ។

លោកអគ្គនាយកបានអោយដឹងថា បច្ចុប្បន្ននេះមន្ទីរពេទ្យគន្ធបុប្ផាមាន៥សាខា មានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។មន្ទីរពេទ្យមានបុគ្គលិក និងគ្រូពេទ្យសរុប២៦៨០នាក់ ដែលក្នុង១ថ្ងៃបានទទួលពិនិត្យ និងព្យាបាលកុមារជាង២០០០នាក់។ ការពិនិត្យនិងព្យាបាលគឺឥតគិតថ្លៃ និងមានគុណភាពស្តង់ដា ដូចបណ្តាមន្ទីរពេទ្យនៅប្រទេសសឹង្ហបូរី ចិន..ផងដែរ។

លោកមានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផា ចំណាយថវិការក្នុង១ឆ្នាំ៤២លានដុល្លា។ទទួលអ្នកជំងឺកុមារអោយសំរាកព្យាបាលក្នុង១ឆ្នាំជាង២០មុឺននាក់។សរុបចំនួនកុមារទទួលបានការពិនិត្យ និងព្យាបាល ក្នុង១ឆ្នាំជាង១លាននាក់។

លោកសង្ឃឹមថា ការបរិច្ចាគថវិការបស់អង្គការសប្បុរសធម៌ខ្វនថឹម នាថ្ងៃនេះ នឹងក្លាយជាគំរូល្អមួយ សំរាប់បណ្តាក្រុមហ៊ុន សហគ្រាស និងសប្បុរជនផ្សេងទៀត ចូលរួមបរិច្ចាគថវិកាដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ។ 

លោកវេជ្ជបណ្ឌិតបន្ថែមថា មន្ទីរពេទ្យគន្ធបុប្ជា ទទួលព្យាបាលអ្នកជំងឺកុមារ ដោយមិនរើសអើងជាតិសាសន៍ កូនចៅជនបរទេសនៅប្រទេសកម្ពុជា ក៏អាចមកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាបានដែរ ដោយទទួលបានការព្យាបាល មានគុណភាពដូចគ្នា ប៉ុន្តែខាងមន្ទីរពេទ្យអត់មានគ្រែVIPទេគឺស្មើភាពគ្នា៕