(កណ្តាល)៖ ពលរដ្ឋស្រុកកណ្តាលស្ទឹង និងស្រុកស្អាង រងផលប៉ះពាល់ខ្វះខាតទឹកប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃនារដូវប្រាំងនេះ ត្រូវលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លើកសំណើភ្លាមៗទៅក្រសួងស្នើសុំជំនួយបន្ទាន់។ ក្រោយទទួលបានសំណើភ្លាម លោកស្រី លីម មួយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅចុងសប្ដាហ៍នេះ បានចុះដោះស្រាយបញ្ហានេះជូនតាមសំណូមពរភ្លាមៗផងដែរ ។

ទីតាំងដែលថ្នាក់ដឹកនាំបានចុះពិនិត្យ ដោះស្រាយជូននោះស្ថិតនៅភូមិត្រពាំងចក ភូមិថ្មី ឃុំថ្មី ភូមិរោងគោ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង និងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ភូមិព្រែករាំង(ក) ឃុំទឹកវិល និងភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ផ្អែកតាមការពិនិត្យជាក់ស្ដែង លោកស្រីរដ្ឋលេខាធិការបានសម្រេចផ្ដល់ការជីកអណ្ដូងទឹក ១កន្លែងនៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្ដាលស្ទឹង និងបានបន្តចុះពិនិត្យការងារជួសជុលអណ្តូងទឹកជូនប្រជាពលរដ្ឋចំនួន ២អណ្ដូងដែលនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ និងភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង បានផ្តល់អណ្ដូងទឹកចំនួន ៣អណ្ដូងបន្ថែមទៀត នៅក្នុងភូមិត្រពាំងចក ឃុំថ្មី និងនៅភូមិរោងគោ ឃុំទ្រា ស្រុកកណ្តាលស្ទឹង និងបានណែនាំឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បន្តតាមដាន និងជួសជុលអណ្ដូងទឹក នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង និងតាមបណ្តាស្រុក ក្នុងខេត្តកណ្តាលដែលរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះដែរ លោកស្រី លីម មុយឡេង បន្តចុះជួបជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យស្ថានភាពប្រភពទឹកដែលបានរីងស្ងួត ខ្វះទឹកប្រើប្រាស់ និងទឹកសម្រាប់បរិភោគ ដោយកត្តាប្រែប្រួលអាកាសធាតុរួមមាន៖ អណ្តូង  អណ្ដូងលូ និងស្ថានីយ៍ផលិតទឹកសហគមន៍O-We (អូវី) និងចុះពិនិត្យការងារជីកអណ្ដូងទឹកផងដែរ។

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ការចុះពិនិត្យស្ថានភាពនៃប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់នាពេលនេះ គឺដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន ដែលពិភពលោកកំពុងជួបប្រទះវិបត្តិនៃការប្រែប្រួលអាកាសធាតុ ក៏ដូចនៅក្នុងប្រទេសកម្ពុជានាឆ្នាំនេះ ដែលអាកាសធាតុខែប្រាំងនេះមានការកើនកម្តៅ ដែលជាការព្រួយបារម្ភអំពីការជួបប្រទះនូវភាពរាំងស្ងួតខ្លាំង អាចធ្វើឱ្យប្រជាពលរដ្ឋនៅជនបទខ្វះខាតទឹកសម្រាប់ប្រើប្រាស់។

លោកជំទាវរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាន៍ដល់ក្រុមការងារបច្ចេកទេសមន្ទីរបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ និងស្វែងរកប្រភពទឹកដើម្បីចែកជូនប្រជាពលរដ្ឋបន្ទាន់ក្នុងស្ថានភាពដែលពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។បងប្អូនប្រជាពលរដ្ឋមានសេចក្តីសប្បាយរីករាយដែលទទួលបានទឹកប្រើប្រាស់ទាន់ពេលវេលា និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារបច្ចេកទេស ដែលចុះមកជួយពួកគាត់ទាន់ពេលវេលា។

សូមបញ្ជាក់ថា យោងតាមអនុសាសន៍ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទបានរួមចំណែកយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស។ អាស្រ័យហេតុនេះ ក្រសួងក៏បានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និងកិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ដោយតម្រូវឱ្យគ្រប់អង្គភាព មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានចុះធ្វើសកម្មភាពលើប្រភពផ្គត់ផ្គង់ទឹកតាមរយៈវិធានការ ជួសជុល និងខួងអណ្ដូងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ និងទឹកសម្រាប់បរិភោគបានគ្រប់គ្រាន់ និងមានអនាម័យ៕