(ឧត្តរមានជ័យ)៖ ផ្លូវបេតុងមួយខ្សែរប្រវែង៨៨៣ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងសាងសង់បង្គោលភ្លើងសូឡាចំនួន២៥០ដើម សម្រាប់ឃុំចំនួន៣ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមវត្តមានលោក រឹទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ។

នៅក្នុងឱកាសនេះដែរ លោក រឹទ្ធី ប៉ាក់ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកចុងកាល់។

លោកអភិបាលស្រុកថ្លែងទៀតថា ផ្លូវបេតុងដែលសាងសង់នេះ គឺស្ថិតនៅក្នុងភូមិព្រៃធំ ដោយឡែកផ្លូវបេតុង នៅភូមិគោកវត្ត ភូមិចុងកាល់ ភូមិបន្តាយចាស់ បន្ទាយថ្មី និងភូមិក បានសាងសង់រួចហើយ និយាយរួមនៅក្នុងទីប្រជុំជនស្រុកចុងកាល់ បានធ្វើការផ្លាស់ប្តូរផ្លូវពីគ្រួសក្រហមទៅជាផ្លូវបេតុង គ្រប់ភូមិទាំងអស់ រួមនឹងទីប្រជុំជនឃុំទាំង៣ទៀត រួមមាន៖ឃុំពង្រ ឃុំជើងទៀន និងឃុំក្រសាំង។

លោកថ្លែងទៀតថា ចំពោះការដាក់បង្គោលភ្លើងសូឡានេះ គឺដើម្បីបំភ្លឺផ្លូវសាធារណៈងាយស្រួលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ហើយបង្គោលភ្លើងសូឡានេះគឺយើងដាក់នៅតាមផ្លូវជាតិ និងតាមភូមិ ដែលមួយផ្នែកមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋយើង លោកក៏អំពាវនាវប្រជាពលរដ្ឋដែលមានធនធាន ពេលទទួលបានផ្លូវបេតុងហើយ សូមចូលរួមដាក់បង្គោលភ្លើងសូឡាបន្ថែមនៅតាមមុខផ្ទះរបស់ខ្លួន ដើម្បីឱ្យភូមិយើងកាន់តែស្រស់ស្អាតថែមទៀតនាពេលរាត្រី។

ជាមួយគ្នានេះដែរលោក រឹទ្ធី ប៉ាក់ បានថ្លែងណែនាំប្រជាពលរដ្ឋពីបញ្ហាអនាម័យ បរិស្ថាន ជាមួយនឹងការវេចខ្ចប់ ទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ពិសេសសូមប្រើប្រាស់សេវាសម្រាមដែលមានស្រាប់ ដើម្បីឱ្យភូមិ ឃុំ យើង ក្លាយជាភូមិ ឃុំ ស្អាត គ្មានសម្រាមនៅក្នុងទីប្រជុំជន។ លោកបានស្នើឱ្យចូលរួមថែរក្សាកូនឈើនៅតាមដងផ្លូវជាតិដែលរដ្ឋបាលស្រុកបានដាំចំនួន៤៥០០ដើម ចាប់ពីព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប រហូតព្រំប្រទល់ក្រុងសំរោង ព្រោះដើមឈើមួយចំនួនបានឆេះ ដោយសារប្រជាពលរដ្ឋដុតភ្លើងរកសត្វ ក៏ដូចជាដុតនៅតាមស្រែចំការ ដូច្នេះសូមការពារកុំឱ្យឆេះ ដើម្បីទុកជាប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយៗទៀត៕