(បាត់ដំបង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពប្រារព្ធ «ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥» នៅនៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ទិវានេះក៏មានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន, លោក សុខ លូ អភិបាលបាត់ដំបង និងប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង, អភិបាលខេត្តបន្ទាយមានជ័យ, អភិបាលខេត្តឧត្តមានជ័យ, អភិបាលខេត្តសៀមរាប, អភិបាលខេត្តពោធិ៍សាត់ និងអភិបាលខេត្តប៉ៃលិន, ប្រធានមន្ទីរ អង្គភាពនានា ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ,យុវជនកាកបាទក្រហម,យុវជនកាយរិទ្ធ, យុវជន ស ស.យ.ក, អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋចូលរួមប្រមាណ ១,២៣០នាក់។

ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ ដែលបានកំណត់យកខែឧសភា ជារៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅតាមបណ្តាប្រទេសនានាទូទាំងសកលលោក ដើម្បីជាការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជា ឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕