(ភ្នំពេញ)៖ លោកបណ្ឌិត Tara Singh BAM នាយកកម្មវិធីថ្នាំជក់អង្គការ Vital Strategies បានថ្លែងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជោគជ័យធំៗ ក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ដោយអត្រាប្រេវ៉ាឡង់នៃការប្រើប្រាស់ផលិតផលថ្នំាជក់ បានថយចុះគួរឱ្យកត់សម្គាល់ ជាប្រទេសដែលមានអត្រាប្រើប្រាស់ថ្នំាជក់ទាបនៅក្នុងតំបន់ និងលើពិភពលោក។

ការថ្លែងដូច្នេះរបស់លោកក្នុងឱកាសដឹកនាំប្រតិភូនៃប្រទេសសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

លោកបណ្ឌិត Tara Singh BAM ក៏បានថ្លែងអំណរគុណលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រសួងសុខាភិបាល បានគាំទ្រដល់កិច្ចសហប្រតិបត្តិការរបស់អង្គការ Vital Strategies ជាមួយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព លើការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ក្នុងរយៈពេល ១០ឆ្នាំ កន្លងមកនេះ។

ជាការឆ្លើយតបលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ Vital Strategies ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធផ្សេងទៀត ក្នុងការជំរុញការងារត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជាឱ្យសម្រេចបានជោគជ័យ ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៥ ដោយបានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព រួមមានវិធានការបោះពុម្ពសារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ វិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់និងការឧបត្ថម្ភកម្មវិធីនានាដោយឧស្សាហករ ថ្នាំជក់ ព្រមទាំងហាមជក់ និងបង្ហុយផ្សែងផលិតផល ថ្នាំជក់នៅកន្លែងធ្វើការ និងទីសាធារណៈ ដែលនាំកម្ពុជាឈានទៅសម្រេចបានជោគជ័យក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។

ការអប់រំផ្សេព្វផ្សាយដល់សាធារណជន មានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹង បានជំរុញឱ្យមានការចូលរួមពីសាធារណជន ក្នុងការអនុវត្តច្បាប់កាន់តែទទួលបានជោគជ័យ។ ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្នើអង្គការ Vital Strategies បន្តការគាំទ្រពង្រឹងសមត្ថភាពដល់អ្នកអនុវត្តកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជួយបណ្តុះបណ្តាល មន្ត្រីទទួលបន្ទុកការងារអប់រំសុខភាព នៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព កាន់តែមានសមត្ថភាពខ្ពស់, ជួយគាំទ្រសេវាលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ឱ្យបានទូលំទូលាយ ពិសេសនៅមណ្ឌលសុខភាព និងក្នុងសហគមន៍ដាច់ស្រយាល, ផ្តល់ការគាំទ្រលើកម្មវិធីសុខភាពសាធារណៈផ្សេងៗទៀតនៅកម្ពុជា ដូចជាកម្មវិធីត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងកម្មវិធីសុវត្ថិភាពចរាចរណ៍ជាដើម និងពង្រឹងការដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់។

ជាមួយគ្នានោះលោកនាយក Vital Strategies បានបញ្ជាក់ជំហរយ៉ាងមុតមាំថា អង្គការ Vital Strategies ក្នុងការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើកិច្ចការជាអាទិភាពមួយចំនួនរបស់ក្រសួង ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ដូចជា ពង្រឹងការអនុវត្តទីក្រុងគ្មានផ្សែងបារី, ការដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់, ការអនុវត្តវិធានការហាមការជក់ ឬការបង្ហុយផ្សែងបារីនៅកន្លែងធ្វើការ ឬទីសាធារណៈ, វិធានការហាមឃាត់ផ្សាយពាណិជ្ជកម្មការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់, យុទ្ធនាការការអប់រំ ផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន និងទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ របស់គណៈកម្មាធិការអន្តរក្រសួង ត្រួតពិនិត្យផលិតផលថ្នាំជក់។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ Vital Strategies ជាពិសេសលោកនាយក ដែលបានបញ្ជាក់ពីជំហរក្នុងការបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការ។ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ Vital Strategies នាពេលកន្លងមក និងគម្រោងការងារបន្ត គឺមានគោលដៅរួមគ្នាជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕