(បាត់ដំបង)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងលើកទឹកចិត្តឱ្យកសិករ បង្កើតសហគមន៍កសិកម្មទំនើបឱ្យបានកាន់តែច្រើន ដើម្បីទទួលបានផលចំណេញច្រើនជាងមុន ហើយក៏ជាវិធីសាស្ត្រអាចបញ្ចៀសប្រជាកសិករពីការជំពាក់បំណុល ដែលជាយន្តការអាទិភាពមួយ ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់កសិករកម្ពុជា។

ការថ្លែងបែបនេះ បានធ្វើឡើងនាឱកាសដែល លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាល ជាមួយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅខេត្តបាត់ដំបង នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

លោក ឌិត ទីណា បានថ្លែងក្នុងកិច្ចសំណេះសំណាលយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាបើសិនជាយើងទៅធ្វើសហគមន៍ទំនើបអត់ចំណេញតិចអីចឹងទេ ខ្ញុំចង់រុញឱ្យធ្វើ business plan (ផែនការអាជីវកម្ម) ហ្នឹងឱ្យច្បាស់លាស់ តើចំណាយអស់ប៉ុន្មាន ហើយត្រៀមចំណេញមកវិញប៉ុន្មាន ហើយបានចែកមួយហ៊ុនចំណេញបានប៉ុន្មាន»

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សហគមន៍ថ្មីនេះ ជាវិធីសាស្ត្រដែលមិនចង់ឱ្យប្រជាកសិករយើងពិបាកជំពាក់លុយគេ និយាយឱ្យត្រង់ គឺមានតែប៉ុណ្ណឹងទេ ប៉ុន្តែក៏មិនមែនធ្វើនំអត់ម្សៅដែរ ត្រូវតែប្រើប្រាស់កម្លាំងកាយយើងមកធ្វើការនៅក្នុងសហគមន៍ ត្រូវតែមានដីដើម្បីធ្វើផងដែរ»

ទន្ទឹមនឹងនេះដែរ លោក ឌិត ទីណា បានបន្ថែមថា កន្លែងណាដែលមានហើយយើងបន្តធ្វើទៀតទៅ ប៉ុន្តែសម្រាប់កន្លែងថ្មី ក្រសួងកសិកម្ម នឹងត្រៀមជួយជាជំហរពីក្រោយ ដើម្បីជួយកាត់បន្ថយការជាប់បំណុលគេរបស់បងប្អូនប្រជាកសិករ។

សូមរំលឹកផងដែរថាកន្លងមក លោក ឃឹម ហ្វីណង់ ធ្លាប់បានលើកឡើងថា ការពិចារណារួមគ្នាចងក្រងជា «សហគមន៍កសិកម្មទំនើប» ជាដំណោះស្រាយមួយជួយឱ្យកសិករខ្នាតតូចមិនរងការខាតបង់ ដែលនេះជាជម្រើសល្អបំផុតមួយ សម្រាប់អ្នកដែលទន់ខ្សោយ និងដឹងខ្លួនថាខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ងាយរងហានិភ័យពីការប្រែប្រួលអាកាសធាតុ មានថ្លៃដើមផលិតខ្ពស់ និងតែងទទួលបានទិន្នផលទាបដើម្បីការពារពីហានិភ័យទាំងនេះ៕