(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹង​អញ្ជើញ​ជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី។

សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំនូវ​សមាស​ភាព​សមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិន​បរទេស​មកពីគ្រប់ប្រទេស បណ្តាក់ទុនក្នុងប្រទេសកម្ពុជា រួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការកៀរគរការវិនិយោគទាំងអ្នកវិនិយោគក្នុងស្រុក និងមកពីក្រៅស្រុក គឺជាគោលដៅដ៏ចាំបាច់​មួយ​របស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អ​ប្រសើរ។ វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសជាផ្លូវការនូវសមាគមសហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា បង្ហាញឱ្យឃើញនូវការគាំទ្រយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលទៅលើសកម្មភាព​របស់​សមាគម។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានឱ្យដឹងថា សមាគមសហ​ព័ន្ធ​អ្នកវិនិយោគកម្ពុជា កើតចេញពីការផ្តួចផ្តើមរួមគ្នាដោយសមាគមចំនួន៩ រួមមាន៖ សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា សភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា, សមាគមពាណិជ្ជកម្មកម្ពុជាខេមឈីន, សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មចិនស៊ីឈួនឆុងឈីងកម្ពុជា,សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា, សមាគមពាណិជ្ជកម្មកម្ពុជា អានហួយ,សមាគមពាណិជ្ជករ និងវិនិយោគិនខេត្តហ៊ូណាននៅកម្ពុជា និងសមាគមសហភាពអ្នកដឹកនាំ។

តាមរយៈសមាគមជាសមាជិកទាំង៩នេះ បានចូលរួមចំណែកទាក់ទាញវិនិយោគិនបរទេសវិនិយោគនៅកម្ពុជាសរុបជាង ១៥ពាន់ ២រយលានដុល្លារអាមេរិក និងផ្តល់ការងារជូនកម្មករ និយោជិតជាង ៦សែន ៤ម៉ឺននាក់។

អ្នកឧកញ៉ា លី ឃុនថៃ បានគូសបញ្ជាក់ថា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងប្រទេសកម្ពុជា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ប្តេជ្ញាអនុវត្តសកម្មភាពចាំបាច់ និងបន្តដាក់ចេញផែន​ការ​ក្នុង​ការសម្រេចគោលដៅរួមខាងលើ ដោយផ្តោតលើ៖

១៖ រៀបចំព្រឹត្តិការណ៍ និងវេទិកាធុរកិច្ច ថ្នាក់ជាតិ និងអន្តរជាតិ ជាប្រចាំ យ៉ាងតិចអោយបាន ៣ ទៅ ៤ដង ក្នុងមួយឆ្នាំ ដើម្បីផ្តល់ជាវេទិកាជូនដល់វិនិយោគិនជាតិ និងអន្តរជាតិ មានឱកាស​សិក្សាស្វែងយល់ និង ស្វែងរកឱកាសសហការវិនិយោគរួមគ្នា។

២៖ រៀបចំកម្មវិធីតាំងពិព័រណ៍ទាំងក្នុង និងក្រៅប្រទេស ជាប្រចាំឱ្យបានយ៉ាងតិច ៣ ទៅ ៤ដង ក្នុងមួយឆ្នាំ ដើម្បីផ្ដល់ឱកាសដល់ វិនិយោគិនជាតិ និងអន្តរជាតិ បានដាក់តាំងបង្ហាញផលិតផល សេវាកម្ម និងផ្សព្វផ្សាយពីការវិនិយោគរបស់ខ្លួន ក្នុងន័យកសាងទំនាក់ទំនង
ពង្រីកទីផ្សារ និងជំរុញការសហការរវាងគ្នាទៅវិញទៅមក។
៣៖ សម្របសម្រួលវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការធ្វើទស្សនកិច្ចទាំងក្នុង និងក្រៅ​ប្រទេស​ជុំវិញពិភពលោក ដើម្បីជួយផ្សព្វផ្សាយ និង បង្កើនឱកាសវិនិយោគ ជូនដល់វិនិយោគិន។
៤៖ ជំរុញការរៀបចំ និងចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងវិនិយោគិន សហគ្រាស និងសមាគម ដើម្បីពង្រីកការសហការ និងការវិនិយោគបានកាន់តែទូលំទូលាយ។
៥៖ បន្តចូលរួមក្នុងការងារសង្គម និងសកម្មភាពសប្បុរសធម៌នានា ដោយរួមចំណែកជាមួយរាជរដ្ឋា​ភិបាល​​កម្ពុជា ដើម្បីបង្ហាញពីទឹកចិត្តនៃការចែករំលែក និងលើកកម្ពស់ជីវភាពនៃការរស់នៅ​ប្រកប​ដោយភាពសុខដុមរបស់ប្រជាជន៕