(កំពង់ធំ)៖ ក្នុងដំណើរចុះទៅកាន់ខេត្តចំនួន៥ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យតំបន់សហគមន៍កសិកម្មសាលាវិស័យ (ដំណាំស្វាយចន្ទី) ស្ថិតនៅក្នុងភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

ពិធីនេះ មានការចូលរួមរបស់ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីជំនាញក្នុងខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

សហគមន៍កសិកម្មសាលាវិស័យ ជាសហគមន៍ផ្គត់ផ្គង់ដំណាំស្វាយចន្ទីទៅលើទីផ្សារ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ លើផ្ទៃដីសរុបចំនួន ៣,៧១៣ហិចតា។ សហគមន៍នេះ មានសមាជិកសរុប ៣៦៣នាក់ ក្នុងនោះមានក្រុមផលិតស្វាយចន្ទី ១៩៤នាក់ ស្រី ១២១នាក់ និងជនជាតិភាគតិច ១០៨នាក់៕