(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា។

ក្នុងសារលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ដែលប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧១ យាងចូល៧២ព្រះវស្សា ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតលំឱនកាយលើកហត្ថប្រណម្យថ្វាយព្រះរាជ សព្ទសាធុការពរ បវរមហាប្រសើរគ្រប់ប្រការ ប្រកបដោយកឥញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃភ្លឺថ្លា ព្រះទីឃាយុយឺនយូរ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុម រមនាដល់ទូលព្រះបង្គំជាខ្ញុំ និងប្រជារាស្ត្រគ្រប់ៗរូបបានជ្រកកោន ប្រកបដោយភាពចម្រុងចម្រើនជារៀងរហូតទៅ»។

ប្រជារាស្ត្រខ្មែរ មានមហាភ័ព្វសំណាងដ៏វិសេសវិសាល ដែលមានអង្គព្រះមហាក្សត្រប្រកបដោយព្រះរាជគតិ បណ្ឌិត និងទសពិធរាជធម៌ដ៏ថ្លៃថ្លានេះ។ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឧត្តុងឧត្តមវាងវៃរបស់ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ជីវភាពរបស់ប្រជារាស្ត្រ កាន់តែល្អប្រសើរឡើង កិត្យានុភាពជាតិក៏កាន់តែត្រូវបានលើកកម្ពស់ទាំងនៅថ្នាក់តំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណ កែវទាំងបី ទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមជួយអភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជមេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕