(ពោធិ៍សាត់)៖ ក្រសួងបរិស្ថាន បានរៀបចំទិវាសត្វស្លាបទេសន្តរប្រវេសន៍ ពិភពលោកឆ្នាំ ២០២៤ ក្រោមប្រធានបទ «ការពារសត្វល្អិត គឺការពារសត្វស្លាប» ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់តំបន់ដីសើម និងបណ្តុះគំនិតស្មារតីដល់សាធារជនចូលរួមអភិរក្សសត្វស្លាប នៅខេត្តពោធិសាត់។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹថា ទិវាសត្វស្លាបទេសន្តរប្រវេសន៍នេះ ត្រូវបានផ្តួចផ្តើមធ្វើឡើងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ហើយ ក៏ជាយុទ្ធនាការអប់រំផ្សព្វផ្សាយប្រចាំឆ្នាំ ដែលធ្វើឡើងដើម្បីអភិរក្ស ប្រភេទសត្វស្លាប ទេសន្តរប្រវេសន៍ និងទីជម្រករបស់វា។

លោក ខ្វៃ អាទិត្យា បានលើកឡើងថា ជារៀងរាល់ឆ្នាំនៅសប្តាហ៍ទីពី ខែឧសភា នៅជុំវិញពិភពលោក បានរៀបចំព្រិត្តិការណ៍នេះ ជាសាធារណៈដូចជា វេទិកាសត្វស្លាប កម្មវិធីអប់រំទាក់ទងនឹងសត្វស្លាប ការតាំងពិពណ៍រូបភាពសត្វស្លាប ការចុះអង្កេតសត្វស្លាបផ្ទាល់ និងសកម្មភាពផ្សេងៗទៀត។ ឆ្នាំនេះ ទិវាសត្វស្លាបទេសន្តរប្រវេសន៍ ផ្តោតលើសារៈសំខាន់សត្វល្អិត ដែលជាចំណីអាហារដ៏សំខាន់របស់ពពួកសត្វស្លាបទេសន្តរប្រវេសន៍។

តាមការឱ្យដឹងពីអ្នកនាំពាក្យរូបនេះ កម្ពុជាមានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ៣០% នៃផ្ទៃប្រទេស ហើយតំបន់ ដីសើមដ៏ធំល្វឹងល្វើយនេះ គឺជាកន្លែងដ៏សំខាន់សម្រាប់រស់នៅ ស្នាក់អាស្រ័យរកចំណីយ៉ាងសំខាន់សម្រាប់ សត្វស្លាបទេសន្តរប្រវេសន៍ និងជាប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ដែលទ្រទ្រង់ សោភ័ណភាពធម្មជាតិ បរិស្ថាន ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជនបទ។ ដូចនេះ សត្វល្អិត ជាអាហារថាមពលដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ ជាច្រើនប្រភេទ មិនត្រឹមតែនៅរដូវបន្តពូជប៉ុន្នោះទេថែមទាំង នៅអំឡុងពេលធ្វើដំណើដ៏វែងឆ្ងាយរបស់វា។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា ការរំខាន និងការបាត់បង់នូវចំនួនសត្វល្អិត នៅកន្លែងបន្តពូជ ពងកូន និងកន្លែងធ្វើបំលាស់ទីបានគំរាមកំហែងដល់សុខុមាលភាព និងការរស់រានមានជីវិតរបស់ សត្វស្លាប។ មូលហេតុមួយចំនួន ដែលបានគំរាមកំហែងដល់ការធ្វើទេសន្តរប្រវេសន៍ និង ការបន្តពូជរបស់សត្វស្លាប របស់ប្រភេទសត្វស្លាបទាំងនោះ គឺការបាត់បង់ជម្រកសត្វល្អិត ដូចជាវាលស្មៅជាដើម ការប្រើប្រាស់ថ្នាំពុលកសិកម្ម សម្រាប់ការពារដំណាំពីសត្វល្អិតជាដើម។

លោក ខ្វៃ អាទិត្យា បានថ្លែងថា ក្រសួងបរិស្ថាន បាននិងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានផ្តោតសំខាន់លើការអនុវត្តមុំយុទ្ធសាស្រ្ត៣សំខាន់គឺភាព ស្អាត បៃតង និងចីរភាព ដែលក្នុងនោះ គឺ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍។

តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤។ ក្រសួងនឹងរៀបចំពិធីផ្សព្វផ្សាយនឹងផ្តល់កូនឈើជូនសាធារណជន ដោយឥតគិតថ្លៃ ក្រោមមូលបទ»ពន្លកបៃតង» ចាប់ថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខទីស្តីការក្រសួងបរិស្ថាន។

បើតាមលោក ហុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សដីសើមទឹកសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាប ដែលផ្លាស់ទី ឆ្លងតំបន់ ឆ្លងដែន ដែលប្រភេទមួយចំនួនអាចហើរបាន រាប់រយនិងរាប់ពាន់គីឡូម៉ែត្រដើម្បី ស្វែងរកលក្ខខ័ណអេកូឡូស៊ីនិងជម្រកសមស្របដើម្បី រស់នៅ បន្តពូជ និងចិញ្ចឹមកូនរបស់វា ហើយនៅពេល ដែលលក្ខខ័ណ នៅកន្លែង បន្តពូជមិនសមស្រប គឺដល់ពេលដែលពួកវាទាំងអស់ ត្រូវហើរស្វែងរកទីតាំង ដែលមានលក្ខខ័ណប្រសើរ។ លោកប្រធាននាយកដ្ឋាន បានបញ្ជាក់ថា តំបន់ដីសើមទឹកសាប និងឆ្នេរសមុទ្រ ទន្លេ បឹង អូរ វាលស្មៅ វាលភក់ ត្រពាំង និងស្រះ ជាដើម សុទ្ធតែមានសារៈសំខាន់សម្រាប់ការរស់នៅ រកចំណី ធ្វើសំបុកពងកូន និងក៏ជាកន្លែងសម្រាប់ សម្រាក និងបំពេញថាមពលឡើងវិញ ក្នុងអំឡុងពេលធ្វើដំណើរដ៏វែងឆ្ងាយ របស់សត្វស្លាបទេសសន្តរប្រវេសន៍៕