(កណ្ដាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល​ បានអញ្ជេីញជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកណ្ដាល ដែលជាអង្គបោះឆ្នោត សម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

ជំនួបនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត​កណ្តាល ដែលមានវត្តមានចូលរួមផងដែរពីសំណាក់លោក គង់ សោភ័ណ្ឌ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល និងលោក នូ សាខន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ព្រមទាំងសមាជិក សមាជិកាជាច្រើននាក់ផ្សេងទៀតផងដែរ។

ស្ថិតក្នុងឱកាសនេះលោក គង់ សោភ័ណ្ឌ បានថ្លែងថា ដើម្បីអនុវត្តឱ្យបានសម្រេចទៅតាមការប្ដេជ្ញាចិត្តយុទ្ធសាស្ត្ររបស់គណបក្សគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុង ស្រុក និងក្រុមការងារគណបក្សគ្រប់ថ្នាក់ ប្ដេជ្ញាខិតខំថែរក្សា ពង្រឹងឱ្យបានសំឡេងគាំទ្រគណបក្សឱ្យគ្រប់តាមចំនួនសមាជិកបក្សជាអង្គបោះឆ្នោតខិតខំរក្សាឱ្យបាននូវតំណែងជាប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុកនៅទូទាំងខេត្ត និងខិតខំពង្រីកបន្តចលនាអប់រំនយោបាយ សតិអារម្មណ៍ ទាក់ទាញអង្គបោះឆ្នោតគណបក្សដទៃដើម្បីទទួលបានអាសនៈបន្ថែមតាមលទ្ធភាពជាក់ស្ដែង។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងកោតសរសើរ និងលើកទឹកចិត្តចំពោះអង្គបោះឆ្នោតទាំងអស់ ដែលបានខិតខំបំពេញការងារ កាតព្វខ្លួនបានល្អ ដែលឈានដល់ការសម្រេចបាននូវការជាប់ឆ្នោតនាពេលកន្លងមក។ លោកក៏បានជំរុញឱ្យមានការខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អផងដែរ៕