(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិសាស្ត្ររាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយនឹងថ្នាំញៀនជិត៣គីឡូក្រាម។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែឧសភានេះថា ការបង្ក្រាបនេះធ្វើឡើងនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣៖០៥នាទី ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ មានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច តាមបណ្តោយផ្លូវលេខ ១០៨០ ភូមិស្រែអំបិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ចំពោះលទ្ធផលកម្លាំងជំនាញបានចាប់ខ្លួនជនល្មើស ២នាក់៖ ១.ឈ្មោះ ច័ន្ទ វីរ: (ឡុង ឆេកូ) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និង២.ឈ្មោះ សោម វិវឌ្ឍន៍ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងចាប់យករួមមាន៖ ១.គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២៩៨៨ក្រាម (ជិត៣គីឡូក្រាម)។

បច្ចុប្បន្នជនល្មើសខាងលើត្រូវបាន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក្ខ ក្នុងបរិមាណរាប់សិបគីឡូក្រាម និងបានឃាត់ខ្លួនឧក្រិដ្ឋជនទាំងនោះ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕