(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមណែនាំដល់រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករផ្តល់សេវាទឹកស្អាតឯកជន ឱ្យចូលរួមដាក់ពាក្យស្លោកលេខរៀងទី៦ ដែលមានខ្លឹមសារ «ប្រើគ្រឿង ញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ និងលេខរៀងទី១០ «ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន ឬពាក្យ ស្លោកដទៃទៀតក្នុងចំណោមពាក្យស្លោកទាំង២០ លើវិក្កយបត្រទឹកស្អាត ដែលមានន័យអប់រំ និងសមស្របសម្រាប់ការផ្សព្វផ្សាយដល់សាធារណជនដើម្បីចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ការចូលរួមរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលនេះគឺពិតជាបានចូលរួមចំណែកឆ្លើយតបយ៉ាងវិជ្ជមានជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកសន្តិបណ្ឌិត នេត សាវឿន ដើម្បីធ្វើឱ្យសម្រេចបាននូវឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដោះស្រាយនូវកង្វល់របស់ប្រជាពលរដ្ឋ៕