(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ក្រើនរំលឹកសមាជិកបក្សទាំងអស់កុំធ្វេសប្រហែសឲ្យសោះ គ្រប់កាលៈទេស មិនត្រូវជិះសេះលែងដៃ ត្រូវយកចិត្តទុកដាក់ ដូចពាក្យថា «ច្រេះស៊ីដែក» គណបក្សយើងខ្លាំង តែបើមានចន្លោះប្រហោងបក្សដ៏ទៃនឹងឆ្លៀតឱកាស។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្ថែមថា ត្រូវពង្រឹងការងារផ្ទៃក្នុង និងតាមបណ្តាមូលដ្ឋាន បន្តតាមដានសកម្មភាពគណបក្សដ៏ទៃ ពិសេសអង្គការសមាគមន៍ ដែលមាននិន្នាការលើគណបក្សប្រឆាំង។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ មានប្រសាសន៍ក្រើនរំលឹកបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ប្រចាំខែមេសា និងទិសដៅភារកិច្ចការងារ ប្រចាំខែឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ជាមួយគ្នានោះ ចំពោះការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាពេលខ្លីខាងមុខនេះ ពាក់ព័ន្ធនឹងអង្គបោះឆ្នោត ទាំង៤៣២រូប របស់គណបក្សប្រជាជនខេត្តត្បូងឃ្មុំ លកកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដមកលោក លោកស្រី គ្រប់ឋានានុក្រម របស់គណបក្សខេត្តត្បូងឃ្មុំទាំងអស់ ពិសេសប្រធាន-អនុប្រធានគណបក្សតាមបណ្តាក្រុង-ស្រុកទាំង០៧ ត្រូវយកចិត្តទុកដាក់ ប្រមូលព័ត៌មាន មើលថែ ទាំងសុខភាព និងលទ្ធភាព ជីវភាព ចំពោះពួកគាត់ឲ្យដិតដល់ មិនថាមុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារយ៉ាងច្រើនដែលសម្រេចបាន និងផែនការខែបន្ទាប់ តាមរយៈរបាយការណ៍បូកសរុបការងារគណបក្សប្រចាំខែមេសា និងទិសដៅភារកិច្ច ខែឧសភា ឆ្នាំ២០២៤ ដែលអានដោយ លោក កេង ប៊ុនណា អនុប្រធានគណបក្ស និងជាប្រធានប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តផងដែរ៕