(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ណែនាំរដ្ឋបាលឃុំត្រូវផ្ដល់ប័ណ្ណសមធម៌ប្រកបដោយតថភាពជាក់ស្ដែងបំផុត។

លោក សាយ គឹមឡម បានថ្លែងជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ប័ណ្ណសមធម៌ ជូនពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ ស្ថិតនៅក្នុងឃុំពពកស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

លោកបានណែនាំដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកមេឃុំពពកត្រូវសហការគ្នាជាមួយអធិការដ្ឋាននគរបាលស្រុកស្ទោងក្នុងការពន្លឿននិងធ្វើសៀវភៅគ្រួសារ ក៏ដូចជាឯកសារអត្រានុកូលដ្ឋានផ្សេងៗទៀត ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋឲ្យបានជិត និងដល់ផ្ទះពលរដ្ឋតែម្ដងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាការចូលរួមកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋនៅក្នុងមូលដ្ឋានបានជាក់លាក់ផងដែរ។

លោកបានអំពាវនាវដោយទទូចដល់ពុកម៉ែបងប្អូននៅក្នុងមូលដ្ឋានសូមនាំគ្នាថែរក្សាធនធានធម្មជាតិពិសេសព្រៃឈើនៅក្នុងឃុំពពកក៏ដូចជាស្រុកស្ទោងទាំងមូលឲ្យបាននូវគង់វង្សទុកជាកេរដំណែលមនុស្សជាតិតទៅ។

គួរបញ្ជាក់ថា ប័ណ្ណសមធម៌ដែលប្រគល់ជូនពុកម៉ែបងប្អូននៅក្នុងឱកាសនេះមានចំនួន១៦៧ប័ណ្ណ ក្នុងនោះ គ្រួសារក្រីក្រ១ចំនួន១៣ប័ណ្ណ គ្រួសារក្រីក្រ២ចំនួន៩៦ប័ណ្ណ និងគ្រួសាររងហានិភ័យចំនួន៥៨ប័ណ្ណ៕