(កំពង់ធំ)៖ លោក ទូច សុខា អភិបាលរងខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមសហការជាមួយជំនាញសុរិយោដីក្នុងការវាស់វែងលក្ខណៈជាប្រព័ន្ធឲ្យរួចតាមផែនការជាតិ។

លោក ទូច សុខា បានថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋចំនួន២,៧០៣ប័ណ្ណ មាន២ភូមិនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

លោកបានអំពាវនាវប្រជាពលរដ្ឋគ្រប់ៗគ្នា ត្រូវចូលរួមសហការជាមួយជំនាញពាក់ព័ន្ធ ជាពិសេសសុរិយោដីដែលកំពុងចុះវាស់វែងលក្ខណៈជាប្រព័ន្ធដើម្បីក្លាយខ្លួនជាម្ចាស់កម្មសិទ្ធពេញលេញ និងសម្រេចតាមផែនការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ប័ណ្ណកម្មសិទ្ធិដីលក្ខណៈប្រព័ន្ធជូនពលរដ្ឋឲ្យបានរួចរាល់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៥ខាងមុខនេះ។

លោកបានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់ដីនៅតំបន់២ ឱ្យបានត្រឹមត្រូវក្នុងនាមជាអ្នកប្រើប្រាស់ និងអាស្រ័យផលដែលរាជរដ្ឋាភិបាលបានប្រទាកម្មជូនគឺពុំមានសិទ្ធិចាត់ចែង លក់ដូរឡើយ តែអាចធ្វើអំណោយពីឪពុកម្ដាយទៅកូនចៅបាន។

លោកបានអំពាវនាវបន្ថែមទៀតសូមប្រជាពលរដ្ឋចូលរួមថែរក្សាទុកដាក់ និងប្រើប្រាស់បណ្ណកម្មសិទ្ធិអចលនវត្ថុឲ្យបានត្រឹមត្រូវជាប្រយោជន៍គតិយុត្តិ ហើយមិនត្រូវរំលោភបំពានដីសាធារណៈរបស់រដ្ឋដូចជាចំណីផ្លូវ ព្រែក បឹង ស្ទឹង អូរ ត្រពាំងបុរាណដ្ឋាន តំបន់អភិរក្សឬទួលកប់ខ្មោចឡើយ។ល។

លោក ទូច សុខា បានចែកវិញ្ញាបនបត្រសម្គាល់អចលនៈវត្ថុជានិមិត្តរូបដែលក្នុងនោះប័ណ្ណត្រូវចែកសរុបរួមមានចំនួន ២,៧០៣ប័ណ្ណ សម្រាប់ភូមិសំព័រ និងភូមិសណ្តាន់ ផងដែរ៕