(ភ្នំពេញ)៖ លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យអ្នករាយការណ៍ព័ត៌មានរបស់អង្គភាព Fresh News ប្រចាំតុលាការ លោក ជួន សុជាតិ នៅរសៀលថ្ងៃទី១៥ ខែឧសភាថា ចៅស៊ើបសួរ បានសម្រេចឃុំខ្លួនជនជាប់ចោទចំនួន២នាក់ ក្នុងសំណុំរឿងគ្រឿងញៀនប្រមាណ៣គីឡូ ដែលបង្ក្រាបបាននៅខណ្ឌកំបូល។

ជនត្រូវចោទទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ចន្ទ័ វីរ: អាយុ៣៣ឆ្នាំ
*ទី២៖ ឈ្មោះ សោម វិវឌ្ឍន៍ អាយុ ២៩ឆ្នាំ ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំជំនុំជម្រះទោសតាមនីតិវិធី ពីបទ៖ «ជួញដូរ ដឹកជញ្ចូនដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន»។

ការឃុំខ្លួនជនត្រូវចោទទាំង២នេះ គឺធ្វើឡើងបន្ទាប់ពីសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យនីតិវិធី នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចតាមបណ្ដោយផ្លូវលេខ១០៨០ ភូមិស្រែអំពិល សង្កាត់ឆ្នេរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ព្រមទាំងរថយន្ត១គ្រឿង និងរកឃើញសារធាតុញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់២៩៨៨ក្រាម ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន។ បន្ទាប់ពីបញ្ចប់ ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយពីទទួល និងពិនិត្យសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ចំនួន២នាក់ និងបក្ខពួក ពីបទ៖ ជួញដូរ, ដឹកជញ្ចូនដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕