(ភ្នំពេញ)៖ បើតាមគណៈកម្មការសុខភាពមនុស្សចាស់ក្រសួងសុខាភិបាល ភាគរយនៃចំនួនមនុស្សចាស់ក្នុងប្រទេសកម្ពុជាមានការកើនឡើង៨.៩% នៅឆ្នាំ២០១៩ និងអាចកើនឡើងដល់១១% ក្នុងឆ្នាំ២០៣០ ខណៈការកើនឡើងចំនួនមនុស្សចាស់នេះបណ្តាលមកពីកត្តាចំនួន២រួមផ្សំគ្នា គឺការកើនឡើងនូវអាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជា និងការធ្លាក់ចុះនូវអត្រាកំណើត។
ការណ៍នេះត្រូវបានបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំគណៈ កម្មការសុខភាពមនុស្សចាស់ក្រសួងសុខាភិបាល នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសុខភាពមនុស្សចាស់ក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីលោក ឈុំ វណ្ណារឹទ្ទិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណកម្មការសុខភាពមនុស្សចាស់ សមាជិក សមាជិកាគណៈកម្មការសុខភាពមនុស្សចាស់ក្រសួងសុខាភិបាលទាំងអស់ ដែលមានវត្តមានក្នុងសាលប្រជុំ ក៏ដូចជានៅតាម Zoom សរុប៥១នាក់។
លោក កែរ រដ្ឋា បានលើកឡើងថា ក្រសួងសុខាភិបាលបានរៀបចំបង្កើតឱ្យមាននូវគណៈកម្មការសុខភាពមនុស្សចាស់ក្រសួងសុខាភិបាល តាមរយៈសេចក្តីសម្រេចលេខ០០៨ ស.ន.ក/សសរ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្រាប់ជាយន្តការក្នុងការតម្រង់ទិសការគ្រប់គ្រងសុខភាពមនុស្សចាស់ឱ្យមានប្រសិទ្ធភាព។ នេះជាការជួបប្រជុំលើកទី១ របស់សមាជិក សមាជិកាគណៈកម្មការសុខភាពមនុស្សចាស់របស់ក្រសួងសុខាភិបាល ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧។
លោកបន្តថា ប្រទេសកម្ពុជាបានកំណត់មនុស្សចាស់គឺជាអ្នកដែលមានអាយុចាប់៦០ឆ្នាំឡើង (គោលនយោបាយជាតិស្តីពីមនុស្សចាស់២០១៧-២០៣០)។ ការកំណត់នេះអាចនឹងមានការប្រួលទៅតាមស្ថានភាពនៃការកើនឡើងអាយុសង្ឃឹមរស់របស់ប្រជាជនទៅថ្ងៃមុខអាចកំណត់យកចាប់ពី៦៥ឆ្នាំទៅ។ លោកថា ចំនួនមនុស្សវ័យចាស់ក្នុងប្រទេសកម្ពុជា មានការវិវត្តស្របគ្នានឹងការវិវត្តរបស់ពិភពលោក។
លោកថ្លែងថា «ភាគរយនៃចំនួនមនុស្សចាស់ក្នុងប្រទេសកម្ពុជាយើង មានការកើនឡើងពី ៥.២% នៅឆ្នាំ១៩៩៨ ដល់ ៨.៩% នៅឆ្នាំ២០១៩ និងអាចកើនឡើងដល់ ១១% ក្នុងឆ្នាំ២០៣០។ ការកើនឡើងចំនួនមនុស្សចាស់នេះ គឺបណ្តាលមកពីកត្តាចំនួនពីររួមផ្សំគ្នា គឺការកើនឡើងនូវអាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជា (កើនពីអាយុ៥៦ឆ្នាំជាមធ្យមនៅឆ្នាំ១៩៩៨ ដល់ ៧៦ឆ្នាំជាមធ្យមនៅឆ្នាំ២០១៩ ប្រុស៧៤ឆ្នាំ ស្រី៧៧ឆ្នាំ) និងការធ្លាក់ចុះនូវអត្រាកំណើត (ពី៥.៧% នៅឆ្នាំ១៩៩៨ មកត្រឹម២.២% ក្នុងឆ្នាំ២០២០)។
នៅពេលមនុស្សចូលវ័យកាន់តែចាស់ ការប្រឈមមុខនឹងបញ្ហាសុខភាពក៏កាន់តែកើនឡើងដែរ។ មនុស្សចាស់ប្រឈមនឹងបញ្ហាសុខភាពមួយចំនួន រួមមាន ការបាត់បង់សមត្ថភាពនៃការស្តាប់ សមត្ថភាពគំហើញ កាតារ៉ាក់ ខ្សោយសាច់ដុំដែលប្រឈមនឹងការដួល ធ្លាក់ចុះសមត្ថភាពមាត់ធ្មេញ បញ្ហាសុខភាពផ្លូវចិត្ត ជំងឺវង្វេងវង្វាន់ ឈឺឆ្អឹងខ្នង ឆ្អឹងក ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភាព ដំបៅ គ្រែ ការជ្រាបទឹកនោម កង្វះអាហារូបត្ថម្ភ។ល។ ទន្ទឹមនឹងនោះមនុស្សចាស់ក៏ប្រឈមផងដែរទៅនឹងបញ្ហាខ្វះខាតជំនួយផ្នែកថែទាំសង្គម ដូចជា គ្មានប្រាក់សោធន ការធ្លាក់ចុះឬគ្មានប្រាក់ចំណូល ភាពឯកោ ការរើសអើង ការទទួលរងនូវអំពើហឹង្សា។ល។
ចំនួនមនុស្សចាស់កាន់តែកើនឡើង តម្រូវការសេវាសុខភាពក៏កាន់តែកើនឡើងដែរ ជាការបន្ថែមបន្ទុកមកលើវិស័យសុខាភិបាល ដែលយើងត្រូវតែត្រៀមរៀបចំចាប់ពីពេលនេះតទៅដើម្បីឆ្លើយតបឱ្យបានសមស្របទាន់ពេលវេលា។
បច្ចុប្បន្ននេះយើងនៅមានការខ្វះខាតធនធានជាច្រើន ជាពិសេសគឺធនធានមុស្ស។ យើងមិនទាន់មានអ្នកឯកទេសផ្នែកជំនាញព្យាបាលមនុ្សចាស់(Geriatricians) នៅឡើយទេ ហើយនៅតាមគ្រឹះស្ថានសិក្សាសុខាភិបាលក៏នៅមិនទាន់បានរៀបចំកម្មវិធីសិក្សាជំនាញមនុស្សចាស់ឱ្យបានស៊ីជម្រៅនៅឡើយដែរ។ យើងមានមជ្ឈមណ្ឌលព្យាបាលជំងឺមនុស្សចាស់ព្រះសីហនុរាជតែ១បណ្ណោះនៅទីក្រុងភ្នំពេញ ចំណែកឯនៅតាមមន្ទីរពេទ្យ ទាំងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យខេត្តក៏នៅមិនទាន់បានរៀបចំផ្នែកព្យាបាលជំងឺមនុស្សចាស់នៅឡើយដែរ។ ម្យ៉ាងទៀតមនុស្សចាស់ជរាត្រូវការការថែទាំរយៈពេលយូរ (Long term Care) ដូចនេះយើងចាំបាច់ក៏ត្រូវរៀបចំឱ្យមានជាប្រព័ន្ធថែទាំរយៈពេលវែងផងដែរនៅថ្ងៃខាងមុខ។
សុខភាពមនុស្សនៅវ័យចាស់វាជាផលដែលទទួលឥទ្ធិពលពីការប្រព្រឹត្តរបស់មនុស្សក្នុងពេលវ័យក្មេង ដូចនេះការអប់រំ ផ្សព្វផ្សាយ ពីការថែទាំសុខភាព ជាពិសេសរបបអាហារ ការហាត់ប្រាណរបស់មនុស្សវ័យក្មេងដើម្បីត្រៀបខ្លួនចូលវ័យចាស់ឱ្យប្រកបដោយសុខភាពល្អគឺជាការងារមួយសំខាន់ ដែលនេះក៏ជាភារកិច្ចរបស់វិស័យសុខាភិបាលយើងដែលត្រូវយកចិត្តទុកដាក់ផងដែរ។
ក្រសួងបានរៀបចំនូវគោលនយោបាយ និងយុទ្ធសាស្រ្តសុខាភិបាលជាតិសម្រាប់ថែទាំសុខភាពមនុស្សចាស់ ដែលមានចក្ខុវិស័យ៖ ប្រជាជនកម្ពុជាវ័យចាស់ទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌ពីកញ្ចប់សេវាសុខភាពប្រកបដោយគុណភាព សំដៅលើកកម្ពស់ជរាភាពដែលមានផាសុកភាព សកម្មផលិតភាព និងសេចក្តីថ្លៃថ្នូរ។ គោលនយោបាយ និងយុទ្ធសាស្ត្រជាតិនេះ តម្រង់ទិសប្រព័ន្ធសុខាភិបាលក្នុងការអភិវឌ្ឍឆ្ពោះទៅរកប្រព័ន្ធមួយ ដែលមានការរួមបញ្ចូលគ្នានូវការថែទាំសុខភាពកម្រិតបឋម កម្រិតទីពីរ និងកម្រិតទីបី សម្រាប់មនុស្សវ័យចាស់។
ក្រសួងបានរៀបចំនូវផែនការសកម្មភាពសម្រាប់អភិវឌ្ឍលើកកំពស់សុខភាពមនុស្សចាស់ និងបានដាក់បញ្ចូលទៅក្នុង ផែនការសកម្មភាពរយៈពេល៥ឆ្នាំ ដែលរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ បន្តែបញ្ហាប្រឈមគឹកង្វះខាតថវិកាក្នុងការអនុវត្តផែនការសកម្មភាពទាំងនោះ ដូចនេះការងារកៀរគរថវិកាពីដៃគូអភិវឌ្ឍ ដើម្បីគាំញទ្រការអនុវត្តសកម្មភាពទាំងនោះគឺជាការចាំបាច់ ហើយការជ្រើសរើសសកម្មភាពអាទិភាពដែលត្រូវអនុវត្តមុនគេគឺមានសារសំខាន់ណាស់៕