(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោជាផលប្រយោជន៍សេដ្ឋកិច្ច និងឯករាជ្យនយោបាយដឹកជញ្ជូនរបស់កម្ពុជា និងបានស្នើឱ្យរាជរដ្ឋាភិបាលពន្លឿនការបើកការដ្ឋានគម្រោងនេះឱ្យបានឆាប់។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានផ្ដល់មតិទៅនាយករដ្ឋមន្ត្រីថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គួរតែបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះឱ្យបានឆាប់ កុំបាច់រង់ចាំអ្វីឡើយ នាំតែមានសាធារណមតិលើកឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ព្រែកជីកហ្វូណន-តេជោជាផលប្រយោជន៍សេដ្ឋកិច្ច និងឯករាជ្យនយោបាយ ពិសេសគឺជួយច្រើនណាស់ដល់វិស័យដឹកជញ្ជូនរបស់កម្ពុជា។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវគិតទៅដល់សេដ្ឋកិច្ចរបស់យើង យើងត្រូវគិតទៅដល់ឯករាជ្យរបស់យើង»។
សម្ដេចតេជោបានរំឭកប្រសាសន៍កាលពីពេលអញ្ជើញជួបជាមួយសមាគមឧកញ៉ាកម្ពុជាថា ផលប្រយោជន៍នៃព្រែកជីកហ្វូណន-តេជោគឺធំធេងណាស់ ទី១គឺប្រព័ន្ធដឹកជញ្ជូន ដែលអាចទាញយកនូវការធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនឱ្យកាន់តែងាយស្រួល ចំណេញទាំងចម្ងាយផ្លូវដល់ទៅ១៦០គីឡូម៉ែត្រ។ សម្ដេចបន្តថា កម្ពុជាប្រកួតប្រជែងមិនឈ្នះគេទេ ប្រសិនបើតម្លៃដឹកជញ្ជូននៅតែខ្ពស់ ហើយការទាក់ទាញវិនិយោគក៏មិនស្រួលនោះដែរ ដូច្នេះកម្ពុជាត្រូវមានប្រព័ន្ធដឹកជញ្ជូនមួយដែលសមស្រប។
ផលប្រយោជន៍ទី២ គឺបង្កើតបាននូវប្រព័ន្ធស្រោចស្រពនៅភាគនិរតី ដូច្នេះប្រជាពលរដ្ឋនឹងបង្កើតបាននូវមុខរបរពីការធ្វើស្រែម្ដងទៅជាការធ្វើបានដល់ទៅ២ដង ដំណាំដាំដុះអាចមានខួបប្រាំងខួបវស្សានៅតាមបណ្ដោយព្រែក និងប្រព័ន្ធប្រឡាយដែលអាចមានចេញពីព្រែកនេះ។
ផលប្រយោជន៍ទី៣ គឺបញ្ចៀសបាននូវទឹកជំនន់នៅភាគនិរតីកម្ពុជាដែលធ្លាប់តែជន់លិច ដូច្នេះគឺកាត់បន្ថយបាននូវការលិចលង់នៅខេត្តមួយចំនួន ដូចជា កែប កំពត តាកែវ កណ្ដាល រួមទាំងខេត្តកំពង់ស្ពឺ និងផ្នែកខាងត្បូងនៃរាជធានីភ្នំពេញផងដែរ។
ផលប្រយោជន៍ទី៤ គឺការបង្កើតផលរបរនេសាទរបស់ប្រជាជននៅតំបន់នោះ ឬបង្កើតរបរវាប្បកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនផ្សេងទៀត។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមសម្រាប់វិស័យទេសចរណ៍មួយទៀតដែរ ដែលប្រជាជនអាចបង្កើតគោលដៅទេសចរណ៍នៅតាមដៃព្រែក ប្រជាជនក៏រកប្រាក់ចំណូលបានតាមរយៈវិស័យទេសចរណ៍ដែរ៕