(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានទី១ ក្រុមប្រឹក្សាភិបាល របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានចូលរួមបើកកម្មវិធីកិច្ចប្រជុំសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក( ADFIAP) ប្រចាំឆ្នាំលើកទី៤៧ ក្រោមប្រធានបទ «តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដំណើរឆ្ពោះទៅអនាគតប្រកបដោយភាពធន់នឹងអាកាសធាតុ និង និរន្តរភាព»។
កិច្ចប្រជុំប្រចំាឆ្នំារបស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤។ កិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ នេះ ដែលមានអ្នកចូលរួមប្រមាណជា ៤០០នាក់ មកពីបណ្តាប្រទេសចំនួន ៤០ ដែលជាសមាជិករបស់ ADFIAP។
ក្នុងឱកាសនោះលោកបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើការបញ្ហាប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល និងអំពាវនាវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងភាគីពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏មានសារៈសំខាន់នេះ ព្រមទាំងជំរុញឱ្យបង្កើននូវការផ្តល់ហិរញ្ញប្បទានបៃតង ក្នុងគោលដៅលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោកបណ្ឌិត កៅ ថាចមានប្រសាសន៍ថា មូលបទនៃកិច្ចប្រជុំនៅឆ្នាំនេះ ពិតជាមានសារៈសំខាន់បំផុតសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍កម្ពុជា តំបន់ និង សកលលោក ក្នុងការរួមចំណែកដល់ការកសាងប្រព័ន្ធអេឡូកូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នាក្នុងការបង្កើតឱកាស ដើម្បីពិភាក្សា ផ្លាស់ប្ដូរព័ត៌មាន ចំណេះដឹង បទពិសោធជាក់ស្តែង និងឧត្តមានុវត្ត ស្តីពីហិរញ្ញ-ប្បទានអភិវឌ្ឍន៍ ជាពិសេស ក្នុងប្រព័ន្ធស្បៀង និង កសិកម្ម ។
លោកបណ្ឌិតបានគូសបញ្ជាក់ទៀតថាកិច្ចប្រជុំ ADFIAP លើកទី ៤៧ បានរៀបចំឡើងក្នុងពេលវេលាដ៏សមរម្យមួយ ពោល គឺស្របពេលដែលមូលនិធិអាកាសធាតុបៃតង បានអនុម័តគម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា មានទំហំប្រមាណ ១០៩ លានដុល្លារអាមេរិក កាលពីដើមខែមីនា ឆ្នាំ២០២៤ ដែលឥណទានទំហំ៥០ លានដុល្លារអាមេរិក និ ជំនួយបច្ចេកទេសទំហំ៥ លានដុល្លារអាមេរិក នឹងត្រូវបានផ្តល់ដោយ Green Climate Fund(GCF) ហើយហិរញ្ញប្បទានទំហំ ៥៤ លានដុល្លារអាមេរិកទៀត នឹងត្រូវបានផ្តល់ដោយដៃគូហិរញ្ញប្បទាននានា ដែលរួមមានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
គម្រោងនេះមានគោលដៅបង្កើនការផ្តល់ឥណទានបៃតង កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និង លើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា ហើយក៏ចូលរួមគាំទ្រដល់របៀបវារៈអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចដែលបានរំលេចក្នុង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានគោលដៅចម្បងគឺ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និង បរិយាប័ន្ន, ដោយផ្ដោតការយកចិត្តទុកដាក់លើការធានាចីរភាពបរិស្ថាន, ការរៀបចំខ្លួនជាស្រេចឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ, និង ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ។
សំខាន់ជាងនេះ «ប្រព័ន្ធស្បៀង និង កសិកម្ម» ដែលជាប្រធានបទដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំនៅឆ្នាំនេះ ក៏ត្រូវបានកំណត់ជាមូលបទគន្លឹះនៅក្នុងកិច្ចប្រជុំសន្និសីទកំពូលបណ្ដាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី ២៨ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ផងដែរ។ ការណ៍នេះឆ្លុះបញ្ចាំងនូវតួនាទីដ៏សំខាន់របស់វិស័យកសិ-ស្បៀង ក្នុងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីដោះស្រាយនូវបញ្ហាប្រឈមបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និង កសាងអនាគតប្រកប ដោយភាពធន់នឹងអាកាសធាតុ និង ចីរភាព៕