(ភ្នំពេញ)៖ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា មេដឹកនាំវៀតណាមគ្រប់ជំនាន់ មិនដែលភ្លេចគុណបំណាច់របស់សម្តេច នរោត្តម សីហនុ ដែលបានជួយវៀតណាម រំដោះភាគខាងត្បូងវៀតណាមឈានទៅការឯកភាពវៀតណាមនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បែបនេះ ធ្វើឡើងតក្នុងឱកាសដែលសម្តេចបានថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះ។
សម្តេចបានមានប្រសាសន៍បញ្ជាក់ថា កាលពីអតីតកាល មេដឹកនាំវៀតណាម ធ្លាប់បានជួយកម្ពុជា ក្នុងការរំដោះប្រទេសចេញពីរបបខ្មែរក្រហម ប៉ុន្តែកម្ពុជាក៏បានជួយវៀតណាម ក្នុងការរំដោះភាគខាងត្បូងវៀតណាម ឈានទៅការឯកភាពវៀតណាមដែរ។ ហេតុនេះហើយទើបមេដឹកនាំវៀតណាមគ្រប់ជំនាន់ មិនដែលភ្លេចគុណបំណាច់របស់សម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានជួយដល់វៀតណាម កាលពីពេលនោះឡើយ។
សម្តចតេជោបានបញ្ជាក់ថា «មេដឹកនាំវៀតណាមធ្លាប់បានជួយខ្ញុំ ប៉ុន្តែជាមួយគ្នានេះ មេដឹកនាំវៀតណាមគ្រប់ជំនាន់តែងតែអរគុណចំពោះកម្ពុជា ទៅលើបញ្ហាដែលកម្ពុជាបានជួយវៀតណាមឱ្យរំដោះភាគខាងត្បូងវៀតណាមឈានទៅការឯកភាពវៀតណាម អ៊ីចឹងបានជាយើងដាក់ស្តូបអនុស្សាវរីយ៍ ដាក់អក្សរទាំងសងខាង វៀតណាមជួយកម្ពុជាទៅលើបញ្ហាអីខ្លះ កម្ពុជាជួយវៀតណាមទៅលើបញ្ហអីខ្លះ នេះជាពាក្យសំដីនៃសន្ទរកថារបស់ប្រធានរដ្ឋ ឬនាយករដ្ឋមន្រ្តីវៀតណាម គ្រប់ជំនាន់ដែលខ្ញុំបានធ្វើប្រាស្រ័យទាក់ទង គាត់មិនដែលចោលនូវការថ្លែងអំណរគុណសម្តេចព្រះ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានជួយដល់វៀតណាម កាលពីពេលនោះ ប្រជាជនកម្ពុជាក៏បានជួយដល់វៀតណាមលក់ជាស្បៀងអាហារថ្នាំពេទ្យនៅតាមព្រំដែន រហូតទៅដល់អាមេរិកទម្លាក់គ្រាប់បែក ក្នុងទឹកដីកម្ពុជាទៀតផង»។
លោកមានប្រសាសន៍ទៀតថា ទង្វើទាំងនេះ គឺជាការជួយគ្នាទៅវិញទៅមក ក្នុងការរំដោះប្រទេសចេញពីអាណានិគមនិយមបារាំង និងពីពួកចក្រពត្តិនៅក្នុងការឈ្លានពាន។
គួរជម្រាបថា កម្ពុជានិងវៀតណាមជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ ២៧០ គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។
ក្រោយសម័យអាណានិគមនិយមបារាំង ក្នុងទំនាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ពីរបានកើតឡើងដែលត្រូវចងចាំ គឺពលិកម្មរបស់កម្ពុជាក្នុងបុព្វហេតុនៃការបង្រួបបង្រួមប្រទេសវៀតណាម និងពលិកម្មរបស់វៀតណាមក្នុងការរួមចំណែករំដោះអាយុជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤ បារាំងបានចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមឥណ្ឌូចិន នៅក្នុងសន្និសីទក្រុងហ្សឺណែវ ដោយបារាំងបានសុខចិត្តប្រគល់ឯករាជ្យដល់វៀតណាម ក៏ប៉ុន្តែ នៅក្នុងសន្និសីទក្រុងហ្សឺណែវនេះ ប្រទេសវៀតណាមត្រូវបានគេបន្តទុកឱ្យនៅពុះចែកជាពីរដដែល ដោយបានត្រឹមតែកំណត់ថា វៀតណាមទាំងពីរនឹងត្រូវបង្រួបបង្រួមគ្នាមកវិញនៅក្រោយការបោះឆ្នោតជាតិមួយ ដែលគេគ្រោងរៀបចំធ្វើឡើងនៅទូទាំងប្រទេសវៀតណាម នៅឆ្នាំ១៩៥៦។ ក៏ប៉ុន្តែ ផែនការរៀបចំការបោះឆ្នោតជាតិនេះ ត្រូវបានច្រានចោលដោយវៀតណាមខាងត្បូង និងសហរដ្ឋអាម៉េរិកដែលជាសម្ព័ន្ធមិត្ត។ សង្រ្គាមរវាងវៀតណាមខាងជើងគាំទ្រដោយប្លុកកុម្មុយនីស្ត និងវៀតណាមខាងត្បូង មានជំនួយពីកងទ័ពអាមេរិក ។
ដើម្បីជួយវៀតណាម កម្ពុជាបានផ្លាស់ប្តូរគោលជំហរអព្យាក្រឹតរបស់ខ្លួន ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) និងរដ្ឋាភិបាលបណ្ដោះអាសន្នវៀតណាមខាងត្បូង ប្រើប្រាស់ទឹកដីកម្ពុជាតាមព្រំដែន ដើម្បីគេចពីការតាមកម្ទេចរបស់វៀតណាមខាងត្បូងនិងសម្ព័ន្ធមិត្ត, ផ្តល់ស្បៀងអាហារ, អនុញ្ញាតឱ្យវៀតណាមខាងជើងប្រើប្រាស់កំពង់ផែក្រុងព្រះសីហនុ និងផ្លូវជាតិលេខ៤ក៏ដូចជាផ្លូវជាតិផ្សេងៗទៀតដែលមានការពាក់ព័ន្ធ ដើម្បីដឹកសម្ភារៈសឹក និងបោះទីតាំងមូលដ្ឋានតស៊ូប្រឆាំងវៀតណាមខាងត្បូង ដែលមានសហរដ្ឋអាម៉េរិកជាខ្នងបង្អែក រហូតទទួលបានជោគជ័យទាំងស្រុងក្នុងការបង្រួបបង្រួមវៀតណាមជាប្រទេសតែមួយ ដែលមានឈ្មោះផ្លូវការថា «សាធារណរដ្ឋសង្គមនិយមវៀតណាម» រហូតមកដល់សព្វថ្ងៃនេះ។
ដោយសារតែការធ្វើពលិកម្មដើម្បីជួយវៀតណាមដូចបានបញ្ជាក់ខាងលើនេះហើយ ទើបធ្វើឱ្យសហរដ្ឋអាមេរិកមានលេសទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជា ដែលបានបង្កឱ្យប្រជាជនកម្ពុជាស្លាប់និងរងរបួសរាប់សិបម៉ឺននាក់ និងបានទាញឱ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិ និងគ្រោះមហន្តរាយ៕