(ភ្នំពេញ)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងថា មកដល់ពេលនេះ កំណើននៃការប្រើប្រាស់ថាមពលនៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំង ស្របនឹងកំណើនសេដ្ឋកិច្ច ដោយសារសុខសន្តិភាព ស្ថិរភាពសង្គម ដែលតម្រូវឲ្យយើងត្រូវដាក់បញ្ចូលប្រភពថាមពលអគ្គិសនីច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការក្នុងការប្រើប្រាស់។
លោកបណ្ឌិត ប្រាំង ជលសា បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការបណ្តុះបណ្តាល ការបង្កើនប្រភពថាមពល កកើតឡើងវិញអថេរទៅក្នុងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីជាតិ ដោយមានជំនួយពីបច្ចេកវិទ្យាប្រព័ន្ធស្តុកថាមពលអគ្គិសនី ក្រោមជំនួយបច្ចេកទេសពីសហរដ្ឋអាមេរិក (USAID) និងអូស្ត្រាលី (Australia Aid) និងដោយមានការចូលរួមពីតំណាងស្ថានទូតអូស្ត្រាលី និងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងសិក្ខាកាមជាច្រើននាក់ទៀតផងដែរ។
លោកបណ្ឌិតបានបន្ថែមទៀតថា ជាមួយគោលនយោបាយ ចូលរួមការពារបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនៅ COP 26 ដោយពុំមានការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីបន្ថែម និងពុំមានការសាងសង់រោងចក្រវារីអគ្គិសនី នៅលើដងទន្លេមេគង្គ ក៏ដូចជាគោលដៅអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០ ដែលតម្រូវឲ្យយើងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដែលក្រសួងរ៉ែ និងថាមពល បានដាក់គោលដៅឲ្យបាន ៧០% ថាមពលកកើតឡើងវិញនៅឆ្នាំ២០៣០ ជាពិសេសប្រភេទអថេរ គឺសំដៅទៅប្រភពពន្លឺព្រះអាទិត្យ និងខ្យល់ជាដើម ដែលប្រែប្រួលទៅតាមអាកាសធាតុ ជាងនេះទៅទៀតប្រភពទាំងនេះ មិនស្ថិតស្ថេរបញ្ចេញថាមពលទៀងទាត់ឡើយ។
លោកបណ្ឌិត ប្រាំង ជលសា បានបន្ថែមថា ដើម្បីឲ្យការដាក់បញ្ចូលនេះ បានច្រើនជាអតិបរមា បំពេញតម្រូវការកើនឡើងចាំបាច់ ត្រូវការបច្ចេកវិទ្យាទំនើប ក្នុងនោះប្រទេស-ស្ថាប័នដៃគូអភិវឌ្ឍន៍ បានរីករាយក្នុងការជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាទាំងអស់នេះផងដែរ។ ជាក់ស្តែងសិក្ខាសាលានេះដែរ មាន USAID និង Australia Aid បានយល់ព្រមជួយសិក្សា ផ្តល់បច្ចេកវិទ្យាប្រព័ន្ធស្តុកថាមពល ដើម្បីយកទៅអនុវត្តឲ្យប្រភពផ្តល់ថាមពលនេះ អាចស្តុកបាននៅពេលលើស ហើយបន្តយកទៅប្រើនៅពេលខ្វះ ហើយអាចគ្រប់គ្រងបញ្ជាបាន ព្រមទាំងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចឲ្យមានថ្លៃសមរម្យ អាចធ្វើអាជីវកម្មបានផងដែរ។
លោកបណ្ឌិត ប្រាំង ជលសា ក៏បានបង្ហាញក្តីសង្ឃឹមថា ការបន្តសហប្រតិបត្តិការនេះ នឹងចេញជាផ្លែផ្កា ផ្តល់ចំណេះដឹងដល់អ្នកជំនាញរបស់អគ្គិសនីកម្ពុជា ដើម្បីយកបច្ចេកវិទ្យាទៅអនុវត្តនៅពេល ដែលបង្កើនការដាក់បញ្ចូលថាមពលកកើតឡើងវិញអថេរ ឱ្យបានកាន់តែច្រើនក្នុងពេលអនាគតដ៏ខ្លីនេះ ដើម្បីចូលរួមចំណែកកាត់បន្ថយការសាយភាយឧស្ម័ន កាបូនិចទៅបរិយាកាស ប្រែប្រួលអាកាសធាតុ នឹងដើម្បីថែរក្សាភពផែនដីឲ្យនៅបន្តស្រស់បំព្រង៕