(ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Sean Burke នាយកកម្មវិធីអភិវឌ្ឍន៍ និងស្រាវជ្រាវការបោសសម្អាតមីន មនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់សហរដ្ឋអាមេរិក ចូលជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នាទីស្នាក់ការអាជ្ញាធរមីន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយ៉ាងរឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងបានថ្លែងអំណរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ហើយសម្ភារទាំងនេះពិតជាបានចូលរួមពន្លឿន ដល់ការបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

បច្ចុប្បន្ននេះ កម្មវិធី HDR&D បានបន្តគាំទ្រផ្តល់សម្ភារបច្ចេកវិទ្យា សម្រាប់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករជាតិ-អន្តរជាតិ ដើម្បីធានាឱ្យដំណើរការ នៃការងារបោសសម្អាតមីនឱ្យកាន់តែ ប្រសើរឡើង ជាមួយនឹងការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាទំនើបនេះ។

លោក Sean Burke បានទទួលស្គាល់នូវទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អក្នុងការរួមចំណែកដល់វិស័យសកម្មភាពមនុស្សធម៌នៅកម្ពុជារបស់កម្មវិធី HDR&D ហើយសហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់ការងារសកម្មភាពមីននៅកម្ពុជា ផងដែរ៕