(ទីក្រុងសេអ៊ូល-កូរ៉េខាងត្បូង)៖ ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនពហុពាណិជ្ជកម្មរបស់អ្នកឧកញ៉ា សៀ ឫទ្ធី នៅថ្ងៃទី១៧ ខែឧសភា បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Daewoo Engineering & Construction Co., Ltd. (Daewoo E&C) ដែលជាក្រុមហ៊ុនសំណង់ និងវិស្វកម្មដ៏លេចធ្លោរបស់កូរ៉េខាងត្បូង ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគលើគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។ .

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងពិធីជួបជុំអាហារពេលព្រឹករបស់មេដឹកនាំធុរកិច្ចកម្ពុជា-កូរ៉េ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាលេខាទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយនឹងការផ្លាស់ប្តូរលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើជាសាក្សី ក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ។

នៅក្នុងឱកាសនោះ លោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C និងអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group ក៏បានអញ្ចើញចូលជួបជាមួយសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ដើម្បីពិភាក្សាអំពីសារៈសំខាន់នៃការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរ និងផលប្រយោជន៍របស់ក្រុមហ៊ុន Daewoo E&C សម្រាប់ការវិនិយោគនៅកម្ពុជា។ទំនាក់ទំនងជាយុទ្ធសាស្ត្រនេះបានបង្កើនភាពរឹងមាំ និងជំនាញរបស់ក្រុមហ៊ុនទាំងពីរ ដើម្បីស្វែងរកកិច្ចសហការដ៏មានសក្តានុពល នៅក្នុងគម្រោងអភិវឌ្ឍន៍ផ្សេងៗនៅប្រទេសកម្ពុជា។

បទពិសោធន៍យ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន Daewoo E&C ក្នុងការអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ រួមផ្សំជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុន WorldBridge Group អំពីទីផ្សារក្នុងស្រុក និងការទំនាក់ទំនង បានឆ្លុះបញ្ចាំងឲ្យឃើញពីការរួមបញ្ចូលគ្នាដ៏គួរឱ្យទាក់ទាញមួយ សម្រាប់ការឈានទៅសម្រេចបាននូវការបណ្តាក់ទុនដ៍សំខាន់នាពេលអនាគត។
បន្ថែមពីនេះ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺធ្វើឡើងស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group បានមានប្រសាសន៍ថា «យើងពិតជាមានក្ដីសោមន្សរីករាយណាស់ ដែលបានធ្វើការជាមួយក្រុមហ៊ុន Daewoo E&C ។ ហើយយើងមានទំនុកចិត្តថា សមត្ថភាពរួមរបស់ក្រុមហ៊ុនទាំងពីរ នឹងបើកគម្រោងថ្មី ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍបន្តរបស់ប្រទេសជាតិ»។

គួររំលេចថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាបន្តបន្ទាប់រវាងអ្នកអ្នកឧកញ៉ា សៀ ឫទ្ធី និងលោកប្រធាន Jung Won-ju នៃក្រុមហ៊ុន Daewoo E&C ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែធ្នូឆ្នាំ ២០២៣ ។ កិច្ចពិភាក្សាទាំងនេះបានដាក់មូលដ្ឋានគ្រឹះសម្រាប់ការស្វែងរកការរួមសហការ និងកំណត់តំបន់សក្តានុពលនៃការសហការផងដែរ។
ផលប័ត្រចម្រុះរបស់ក្រុមហ៊ុន WorldBridge Group និងកំណត់ត្រាជោគជ័យក្នុងការអភិវឌ្ឍអចលនទ្រព្យ រួមទាំងគម្រោងដូចជា The Peak និង The Bridge ធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាដៃគូដ៏ល្អសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Daewoo E&C មកកាន់ទីផ្សារកម្ពុជា។

ក្រុមហ៊ុនទាំងពីរនឹងធ្វើការរួមគ្នាដើម្បីកំណត់នូវឱកាស ដែលមានអត្ថប្រយោជន៍ទៅវិញទៅមកក្នុងការអភិវឌ្ឍទីក្រុងថ្មី អចលនទ្រព្យ ឧស្សាហកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ក្រុមហ៊ុនទាំងពីរទន្ទឹងរង់ចាំកិច្ចសហការប្រកបដោយផ្លែផ្កា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរ និងជះផលជាវិជ្ជមានយូរអង្វែងសម្រាប់ប្រជាជនកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

ក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1992។ ជាមួយនឹងផលប្រយោជន៍ចម្រុះក្នុងវិស័យភស្តុភារ អចលនទ្រព្យ ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និងជាច្រើនទៀត ក្រុមហ៊ុនបានដើរតួយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់កម្ពុជា។ ក្រុមហ៊ុន WorldBridge Group ប្តេជ្ញាក្នុងការផ្តល់នូវឧត្តមភាព ការច្នៃប្រឌិត និងតម្លៃប្រកបដោយនិរន្តរភាពដល់ភាគីពាក់ព័ន្ធ និងសហគមន៍របស់ខ្លួន។

Daewoo Engineering & Construction Co., Ltd. គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្មដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង ដែលមានវត្តមានទូទាំងពិភពលោក។ ក្រុមហ៊ុនមានកំណត់ត្រាផ្លូវមួយ ដែលបង្ហាញឱ្យឃើញពីការចែកចាយគម្រោងខ្នាតធំនៅទូទាំងវិស័យផ្សេងៗ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ វិស្វកម្មសំណង់ស៊ីវិល និងការសាងសង់អគារ។ Daewoo E&C ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត និរន្តរភាព និងការបង្កើតតម្លៃសម្រាប់អតិថិជន និងដៃគូរបស់ខ្លួន៕