(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកោះកុង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងក្នុងឱកាសនោះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បន្ទាប់ពីកម្ពុជាទើបបានទទួលជោគជ័យ ក្នុងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងបរិយាកាសនយោបាយប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ដថា នេះជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានការជួបជុំបេក្ខជនក្រុមប្រឹក្សាខេត្ត ទាំងពេញសិទ្ធិ និងបម្រុង រួមជាមួយគណៈកម្មាធិការគណបក្ស និងសមាជិកគណបក្សពីខេត្ត ក្រុង ស្រុកឃុំសង្កាត់ និងមន្ទីរ អង្គភាពនានាជុំវិញខេត្តរាប់រយនាក់ បានជួបជុំប្រារព្ធមីទ្ធីញអបអរសាទរពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីបញ្ជាក់អំពីឆន្ទៈ នៃការប្ដេជ្ញាចូលរួមការបោះឆ្នោត ស្របតាមបទប្បញ្ញត្តិ និងនីតិវិធី និងច្បាប់នៃការបោះឆ្នោត ព្រមទាំងជាការដំណើរការសកម្មភាពរបស់ក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក រួមជាមួយក្រុមការងារ និងគណបក្សនៅមូលដ្ឋាន។

សម្ដេចបានផ្តាំផ្ញើដល់អង្គបោះឆ្នោត សូមមេត្តាថែរក្សាវត្តមាន ថែរក្សាសុខភាព និងអារម្មណ៍ត្រូវពិនិត្យឯកសារបោះឆ្នោត និងតាមដានប្រតិទិនបោះឆ្នោតជាប់ជាប្រចាំ និងគោរពខ្ជាប់ខ្ជួនតាមបទបញ្ជា បំរាម និងបទបញ្ញត្តិនានា ក្នុងស្មារតីធ្វើយ៉ាងណារក្សាឲ្យបានសម្លេង ១០០ភាគរយ ដូចលទ្ធផល បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាពេលកន្លងទៅ។

សូមជម្រាបថា ដំណើរការបោះឆ្នោតជ្រើសជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ៕