(សេអ៊ូល, កូរ៉េខាងត្បូង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញ​ទស្សនៈសុទិដ្ឋិនិយមថា កម្រិតទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រ» នឹងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ កាន់តែល្អប្រសើរថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងជំនួបជាមួយលោក ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងជំនួបនេះ លោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្ដែងការអរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ICAPP ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានវាយតម្លៃខ្ពស់អំពីលទ្ធផលដ៏ល្អប្រសើរ​នៃ​កិច្ច​សហប្រតិបត្តិការរវាង ICAPP និងកម្ពុជា និងបានសម្ដែងការអរគុណចំពោះការគាំទ្រ និងកា​រ​ជួយជ្រោមជ្រែងរបស់កម្ពុជា ដល់ ICAPP ដែលធ្វើឱ្យ ICAPP ទទួលបានជោគជ័យដ៏ត្រចះត្រចង់​ក្នុងការរៀបចំមហាសន្និបាតម្តងៗ។

ជាមួយបទពិសោធន៍ និងជោគជ័យដែល ICAPP ទទួលបានពីការៀបចំមហាសន្និ​បាតលើក​ទី៦ នៅកម្ពុជា កាលពីឆ្នាំ២០១០ លោកមានជំនឿយ៉ាងមុតមាំថា មហាសន្និបាត ICAPP លើកទី​១២ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅភ្នំពេញខាងមុខនេះ នឹងកាន់តែមានភាព​អធិក​អធម និងជោគជ័យបន្ថែមទៀត។

បន្ថែមលើសនេះ លោក ជុង អ៉ីយ៉ុង បានបង្ហាញក្ដីរីករាយយ៉ាងក្រែលែងចំពោះដំណើរទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ ដែលបានធ្វើឱ្យបរិយាកាសនយោបាយនៅកូរ៉េ មានភាពកាន់តែ​ស្រស់បំព្រង តាមរយៈវត្តមានជាសាធារណ: របស់លោកជំទាវទី១ នៃសាធារណរដ្ឋកូរ៉េ ក្នុងអំឡុង​ពេលទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតីនាឱកាសនេះ។

លោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅសាធារណរដ្ឋកូរ៉េ ហើយឯកឧត្តមមានសុទិដ្ឋិនិយមថា ការណ៍នេះ​នឹងកាន់តែធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគី កាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែម​ទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាង​ប្រជា​ជន និងប្រជាជននៃប្រទេសទាំងពីរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សា​ការងារជា​មួយ​ឯកឧត្តម ជាថ្មីម្ដងទៀតនៅសាធារណរដ្ឋកូរ៉េ ហើយសម្ដេចធិបតី បានគូសបញ្ជាក់ថា ការឯកភាព​ដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» រវាងប្រទេសទាំងពីរនឹង​កាន់តែ​ធ្វើឱ្យ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានការលូតលាស់ និង រីកចម្រើនថែម​ទៀត។ ជាក់ស្ដែងការចុះអនុស្សរណៈស្ដីពីការយោគយល់គ្នារវាងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជា​ណាចក្រកម្ពុជា និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ នឹងកាន់តែជំរុញ​កិច្ច​សហ​ប្រតិបត្តិការលើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗក្នុងខេត្តទាំងពីរ ជាពិសេសការជំរុញលើ​វិស័យ​ទេសចរណ៍ និងការតភ្ចាប់រវាងប្រជាជន និងប្រជាជន។

សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េដែលតែង​តែ​យកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា​នៅកូរ៉េ និងបានអរគុណ និងវាយតម្លៃខ្ពស់ដែលរដ្ឋាភិបាលកូរ៉េបាន និងកំពុងបន្តបង្កើន​កូតាពល​ករ សម្រាប់ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជានឹងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ដើម្បីឱ្យការរៀបចំ​មហា​សន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ មានភាពអធិកអធម និង​ទទួល​បានជោគជ័យថ្លៃថ្លា។

សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ១៩៩៧។ ចំណងការទូតនេះ ត្រូវបានបង្កើតឡើងវិញ ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ឬអាចហៅបានថា សម្តេចតេជោ ជាឆ្មបបង្កើតនូវទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង។

បន្ទាប់ពីបង្កើតជាផ្លូវការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ​ត្រូវបាន​ពង្រឹង​ពង្រីក និងលើកកម្ពស់ឱ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរជាបន្តបន្ទាប់។

រយៈពេលជិត៣០ឆ្នាំក្រោយការបង្កើតទំនាក់ទំនងនេះឡើងវិញ ពោលក្នុងពេលដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនៅប្រទេសកូរ៉េខាងត្បូងនាពេលនេះ កម្ពុជា និងកូរ៉េខាងត្បូង បានសម្រេចដំឡើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រ»៕