(កូរ៉េ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ ច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា គឺតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវការពារអ្នកមានសញ្ជាតិខ្មែរគ្រប់កន្លែងទាំងក្នុង និងក្រៅប្រទេស។

ការបញ្ជាក់បែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា​ ការសហគមន៍ខ្មែរនៅក្រៅប្រទេសអាចផ្តល់ឱកាសដល់កូនខ្មែរដែលកើតនៅក្រៅប្រទេស ហើយការរៀបចំបង្កើតឱ្យមានសហគមន៍ខ្មែរជាច្រើនកន្លែងនៅក្រៅប្រទេសអាចធ្វើឱ្យភាសាខ្មែរ និងវប្បធម៌ខ្មែររីកដុះដាលនៅក្រៅស្រុកកាន់តែទូលំទូលាយ ហើយនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនប្រជាពលរដ្ឋខ្មែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «នេះហើយថា ការរៀបចំគោលនយោបាយយើងមិនបិទនោះទេ តែយើងបានផ្តល់ឱកាសបន្ថែម ប៉ុន្តែ ការបញ្ជូនពលករទៅក្រៅប្រទេស ឬបងប្អូន ប្រជាជនយើងទៅរៀននៅក្រៅប្រទេស ទៅរស់នៅក្រៅប្រទេសរដ្ឋាភិបាលមិនបោះបង់ចោលទេ រដ្ឋធម្មនុញ្ញរបស់កម្ពុជា តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវការពារអ្នកមានសញ្ជាតិខ្មែរគ្រប់កន្លែងទាំងអស់។ អ៊ឹចឹងគោលនយោបាយគាំពាររបស់រដ្ឋាភិបាលដែលបានធ្វើសម្រាប់បងប្អូននៅកូរ៉េនេះ គឺយើងបានធ្វើច្រើន»

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកថា កាលពីឆ្នាំ២០១៤ គ្រាដែលសម្តេចមកបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ គឺមានតែអនុព័ន្ធការងាររបស់កម្ពុជា តែមួយប៉ុណ្ណោះ។ ប៉ុន្តែ ដោយសារតែកំណើនពលករខ្មែរ របស់ធ្វើការ និងប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងមករស់នៅ និងធ្វើការងារនៅប្រទេសកូរ៉េ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចបង្កើតឱ្យមានអនុព័ន្ធការងារចំនួន២នាក់ ដោយមានខិតខំប្រឹងប្រែងសហការជាមួយសមាគម និងមណ្ឌលគាំពារពលករ ព្រមទាំងស្ថាប័នរបស់កូរ៉េ ដើម្បីធ្វើការងារនានា សម្រាប់សម្រួលដល់ប្រជាពលរដ្ឋ និងពលករខ្មែរកំពុងមានវត្តមាននៅប្រទេសកូរ៉េ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ពលរដ្ឋកូរ៉េ ១លាននាក់ធ្វើការនៅអាមេរិក និង៥០ម៉ឺននាក់ ធ្វើការនៅជប៉ុន។ ដោយឡែកពលករដែលកំពុងធ្វើការនៅកូរ៉េបច្ចុប្បន្ន ខ្មែរមានជាង ៤៥,០០០នាក់, ថៃប្រមាណ ២៤ម៉ឺននាក់, វៀតណាម ប្រមាណ ២៧ម៉ឺននាក់, ហ្វីលីពិនប្រមាណ ១៥នាក់ និងឥណ្ឌូនេស៊ីជិត ១៦ម៉ឺននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលដៅធំរបស់រាជរដ្ឋាភិបាល គឺបង្កើតការងារមានគុណភាព ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។ ការងារអាទិភាព គឺជំរុញការងារក្នុងស្រុក តែក៏ទទួលស្គាល់ថាការរៀបចំការងារក្រៅប្រទេសជាជម្រើសសម្រាប់ប្រជាពលរដ្ឋ ក៏ត្រូវធ្វើផងដែរ។​ ការបង្កើតការងារខាងក្នុងប្រទេស គឺជាអាទិភាពចម្បង ប៉ុន្តែ ក៏ទទួលស្គាល់ថា ការរៀបចំ និងការបង្កើតការងារនៅក្រៅប្រទេស ក៏ជាការចាំបាច់មួយ ដើម្បីជាជម្រើសដល់ប្រជាពលរដ្ឋអាចជម្រើសការងារធ្វើតាមបណ្ដាប្រទេសដទៃ ជាអាទិ៍ដូចនៅប្រទេសកូរ៉េ ជាដើម។

ជុំវិញការចោទប្រកាន់ថា នាយករដ្ឋមន្ត្រីកម្ពុជាមកអួតតែពីការបញ្ជូនខ្មែរឱ្យមកធ្វើការស្រុកគេ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបថា មានតែប្រទេសដែលហ៊ុមព័ទ្ធសេដ្ឋកិច្ចប៉ុណ្ណោះ ទើបមិនឱ្យប្រជាពលរដ្ឋចេញទៅក្រៅ។ ការបញ្ជូនពលរដ្ឋឱ្យទៅធ្វើការនៅក្រៅប្រទេស គឺមិនមែនជារឿងមិនធម្មតានោះឡើយ ដែលគ្មានប្រជាជនចល័តនោះ ផ្ទុយទៅវិញ ប្រទេសនៅវិញពិភពលោកតែងមានការចល័តកម្លាំងពលកម្មទៅវិញទៅមក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងដំណាក់កាលនៃសកលភាវូបនីយកម្ម ការចុះកិច្ចព្រមព្រៀងលើពាណិជ្ជកម្មសេរី មានគោលដៅធ្វើយ៉ាងណាឱ្យលំហូរនៃផលិតផល លំហូរនៃមូលធនមនុស្សឱ្យបានស្រួល ដើម្បីប្រទេសដែលខ្វះពលកម្ម អាចជ្រើសយកកម្លាំងពលកម្មពីប្រទេសផ្សេងទៀត។

ទន្ទឹមនឹងនេះដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោជន៍ដែលប្រទេសដែលបញ្ជូនពលករទទួលនោះ គឺការលើកកម្ពស់កម្រិតជីវភាព ប្រជាពលរដ្ឋ តាមរយៈការទទួលបានប្រាក់ខែខ្ពស់ ហើយថែមទាំងទទួលបានជំនាញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការបើកច្រក និងរកទីផ្សារការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលករ ឬយកប្រជាជនទៅធ្វើជាខ្ញុំគេ ហើយក៏មិនបានបង្ខំដែរ។ ជាក់ស្ដែង ការបញ្ជូនប្រជាពលរដ្ឋឱ្យទៅធ្វើការនៅប្រទេស ក៏មិនមែនឱ្យទៅដាច់តែលតោលតែឯងដែរ គឺរាជរដ្ឋាភិបាល មានយន្តការគាំពារជាប់ជានិច្ច៕