(មណ្ឌលគិរី)៖ បន្ទាប់ពីជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត នៅស្រុកកែវសីមានារសៀលថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ លោក ឈួន វិន ប្រធានក្រុម​ការងារ​គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានបន្តជួបសំណេះ​សំណាលជាមួយអង្គបោះឆ្នោត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក ដួង ហេង អនុប្រធានទី១ ក្រុមការងារ​គណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី លោក ជា ជុន ប្រធានក្រុមការងារគណ​បក្សចុះ​មូលដ្ឋានស្រុកអូររាំង ព្រមទាំងអនុប្រធានក្រុមការងារ សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំង សរុបប្រមាណ ៥០រូប។

ថ្លែងក្នុងអង្គពិធីនោះ លោក ដួង ហេង បានរាយការណ៍ពីលទ្ធផលការងារគណបក្ស និងអានសាររបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស ជូនដល់អង្គពិធី។

លោក ជា ជុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំង ក៏បានលើកឡើង​ពីផែន​ការសកម្មភាព និងការប្តេជ្ញាចិត្តរបស់ក្រុមការងារចំពោះគណបក្ស និងរាយ​ការណ៍​សង្ខេបរបស់គណបក្សស្រុក លើការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាខេត្ត ក្រុងស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។

លោក ឈួន វិន ប្រធានក្រុមការងារ បានគូសបញ្ជាក់ពីលទ្ធផលបោះឆ្នោតសកល​នៅ​ឆ្នាំ២០២២ និងឆ្នាំ២០២៣ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ បោះឆ្នោត​សភាឆ្នាំ២០២៣ និងអសកលឆ្នាំ២០២៤ គឺជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ដោយតែងទទួលបានលទ្ធផលជោគ​ជ័យជា​រៀង​រហូត។ លោកគូសបញ្ជាក់ថា លទ្ធផលទាំងនេះពុំមែនកើតឡើងដោយចៃដន្យនោះទេ ក៏ប៉ុន្តែជាការឆ្លុះបង្ហាញជំនឿជាក់ ទំនុកចិត្ត សាមគ្គីភាព ឯកភាពផ្ទៃក្នុង ការស្មោះ​ស្ម័គ្រ និងគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សធានាបានសន្តិភាព ស្ថិរភាព និងមាគ៌ាអភិវឌ្ឍន៍។

លោកប្រធាន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារទាំងអស់ដែលបាន​ចុះពង្រឹងការងារគណបក្សសម្រេចបានសមិទ្ធផលយ៉ាងច្រើនក្នុងការអភិវឌ្ឍមូលដ្ឋាន និងសំណូមពរឱ្យអង្គបោះឆ្នោតទាំងអស់ត្រូវថែរក្សាសុខភាព និងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា លើគណបក្សមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕