(ភ្នំពេញ)៖ លោក ហោ ម៉ៅ ជាសន្តិសុខរដ្ឋបាលខណ្ឌមានជ័យ ដែលជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋនៅចាក់អង្រែក្រោមនោះ បានទទួលមរណភាព នៅម៉ោង៣៖០០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយជំងឺគាំងបេះដូង។

សពលោកហោ ម៉ៅ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ហៅ ម៉ៅ ត្រូវគេផ្តល់រហស្សនាមថា ជាប៉ូលិសក្រៅក្របខណ្ឌ ដែលលោកសកម្មការងារ ដោយឈរជើងបញ្ជាចរាចរនៅចំណុចផ្លូវ បំបែកលូប្រាំ សង្កាត់ស្ទឹងមានជ័យ និងក្រោយមកបានបញ្ជាសម្រួលចរាចរនៅផ្លូវជាតិលេខ២ មុខវត្តចាក់អង្រែក្រោម។ ប្រជាជនមិនតិចនាក់ទេ ដែលបានស្គាល់លោក ហោ ម៉ៅ តាមរយៈការពុះពារមិនខ្លាចក្តៅ មិនខ្លាចភ្លៀង ជួយសម្រួលចរាចរដល់អ្នកដំណើរតាមដងផ្លូវ។

ជាមួយគ្នានេះ នៅយប់ថ្ងៃទី១៨ ខែឧសភានេះ លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានដឹកនាំសហការី ទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក ហោ ម៉ៅ ដោយបាននាំយកថវិការបស់លោកស្រី ឡោក ខេង ប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី២ ចំនួន ១០ម៉ឺនរៀល, ថវិកាសមាគមមនុស្សចាស់ ៥០ម៉ឺនរៀល និងថវិការបស់គណបក្សសង្កាត់ច្បារអំពៅទី២ ចំនួន ២០ម៉ឺនរៀល សរុប៨០ម៉ឺនរៀល, អង្ករ១បេ៥០គីឡូ ទឹកសុទ្ធ២កេស ទឹកក្រូច១កេស ជូនដល់គ្រួសារសព ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញផងដែរ៕