(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានចុះពិនិត្យនិងស្វែងយល់បន្ថែមពីដំណើរការ នៃការផ្តល់សេវាសុខាភិបាល របស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ជូនដល់ប្រជាពលរដ្ឋ​ ក្នុងនោះរួមទាំងការអនុវត្តនូវគោលការណ៍ នៃការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងប័ណ្ណសមធម៌របស់មន្ទីរពេទ្យបង្អែកខេត្ត និងសិក្សាពីតម្រូវការផ្សេងៗទៀត ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះអាចចូលរួមជួយដោះស្រាយ។

អមដំណើរពីលោកប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តរួមនឹងមន្ត្រីពាក់ព័ន្ធ, រដ្ឋមន្ត្រី ប្រធានក្រុមការងារបានទស្សនាតាមអគារនានារបស់មន្ទីរពេទ្យដែលមានអ្នកជំងឺកំពុងសម្រាកព្យាបាល និងបានស្តាប់ពីដំណើរការរបស់មន្ទីរពេទ្យនិងការផ្តល់សេវាផ្សេងៗ។ យោងតាមលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកប្រធានមន្ទីរពេទ្យ, មន្ទីរពេទ្យបង្អែកខេត្តបានទទួលអ្នកជំងឺជាច្រើននាក់ក្នុងមួយថ្ងៃ។

រដ្ឋមន្ត្រី ប្រធានក្រុមការងារបានវាយតម្លៃខ្ពស់និងថ្លែងការកោតសរសើរចំពោះមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាលជូនដល់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ និងខេត្តជាប់ខេត្តក្រចេះ ដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ និងប្រកបដោយការទទួលខុសត្រូវ និងគោរពបានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

រដ្ឋមន្ត្រីប្រធានក្រុមការងារ បានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក បន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដើម្បីបន្តកសាងនូវជំនឿទុកចិត្ត របស់ពលរដ្ឋកាន់តែខ្លាំងលើសមត្ថភាព និងគុណភាពនៃសេវាសុខាភិបាល។​

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចុះនូវវិធានគន្លឹះ ក្នុងវិស័យសុខាភិបាលក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដែលផ្តោតជាចម្បងរួមមាន៖

ទី១៖ ការពង្រឹងសមត្ថភាពផ្តល់សេវានៅមូលដ្ឋាន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
ទី២៖ ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ដើម្បីឆ្លើយតបការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់សុខភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និងកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕