(ភ្នំពេញ)៖ យុវជនកម្ពុជាត្រូវតែប្រញាប់មកទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ពីកម្មវិធីអប់រំបណ្ដុះបណ្ដាលដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់ ដើម្បីទទួលបានជំនាញពិតប្រាកដ ពន្លឿនការលើកស្ទួយជីវភាពគ្រួសារ ខណៈសាលាបណ្ដុះបណ្ដាលជំនាញ TVET ទូទាំងប្រទេសកំពុងត្រៀមចាំបណ្ដុះបណ្ដាលជានិច្ច។

នេះបើតាមការលើកឡើងរបស់លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងឱកាសក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ហៅកាត់ NPIC នាចុងខែឧសភា ឆ្នាំ២០២៤នេះ។

នាឱកាសនោះ លោកអគ្គនាយក ហ៊ីង ស៊ីដេត បានថ្លែងថា «គោលនយោបាយរបស់ TVET គឺផ្ដល់ជំនាញពិតប្រាកដដល់គ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ដើម្បីឱ្យប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត កាលណាមានជំនាញមួយច្បាស់លាស់ គឺមានប្រាក់ចំណូលទៀងទាត់ ជួយផ្គត់ផ្គង់ខ្លួនឯងនិងគ្រួសារ ក៏ដូចជាជួយសង្គមជាតិផងដែរ»។

លោកបន្តថា ពេលមកចុះឈ្មោះចូលរៀន សិស្សក៏ទទួលបានការប្រឹក្សាយោបល់ទៅលើមុខជំនាញចំនួន៣៨មុខ ខណៈរយៈពេលចុងក្រោយនេះមានការបន្ថែមមុខជំនាញ៧មុខទៀត សរុបមានដល់ទៅ៤៥មុខជំនាញ គ្រប់ដណ្ដប់លើ១០វិស័យ ដែលសុទ្ធសឹងជាមុខជំនាញមានតម្រូវការទីផ្សារការងារខ្ពស់។

ចំពោះការសិក្សាក្នុងកម្មវិធីអប់រំបណ្ដុះបណ្ដាលដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់នេះដែរ ក៏មានការបត់បែនច្រើនសម្រាប់យុវជនដែលមានការងារជាប់ខ្លួនដែរ ក្នុងនោះការសិក្សាចែកជា៣វេន៖ វេនទី១សិក្សាចាប់ពីថ្ងៃចន្ទ-សុក្រពេលថ្ងៃ មានរយៈពេល៤ខែ វេនទី២ជាវេនសិក្សាពេលយប់ពីម៉ោង៥៖៣០ដល់៨៖៣០ មានរយៈពេល៨ខែ
និងវេនទី៣សិក្សានៅថ្ងៃសៅរ៍-អាទិត្យ ដែលរៀនរយៈពេល១០ខែ។

លោកអគ្គនាយក ហ៊ីង ស៊ីដេត បានបន្តទៀតថា ការបណ្ដុះបណ្ដាលស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ ស្របតាមទីផ្សារការងារបច្ចុប្បនិងអនាគត។ លោកថា បច្ចុប្បន្នការបណ្ដុះបណ្ដាលជំនាញ TVET ដល់សិស្សនិស្សិត នៅមិនទាន់គ្រប់គ្រាន់នឹងតម្រូវការទីផ្សារការងារ១០០ភាគរយនោះទេ ពោលគឺនៅមានតម្រូវការច្រើនទៀត ដែលជាឱកាសសម្រាប់យុវជនក្នុងការមកចុះឈ្មោះចូលរៀនជំនាញ TVET។

លោក ហ៊ីង ស៊ីដេត បញ្ជាក់ថា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានចុះកិច្ចព្រមព្រៀងជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកយ៉ាងតិច១៨ស្ថាប័ន ដើម្បីឱ្យទទួលសិក្ខាកាមចូលទៅហាត់ការ និងជ្រើសរើសសិក្ខាកាមទាំងនោះឱ្យបានបម្រើការងារនៅក្នុងគ្រឹះស្ថាន សហគ្រាសរបស់ខ្លួន ជាមួយនឹងការទទួលបានប្រាក់ខែសមរម្យ។

លោកអគ្គនាយកបន្ថែមថា សិស្សនិស្សិតរៀនចប់ហើយ នឹងបានចេញទៅធ្វើការងារដែលមានប្រាក់ចំណូលទៀតទាត់ ប្រសិនបើក្នុងពេលធ្វើការនោះ មានចិត្តចង់រៀនបន្តដើម្បីដំឡើងកម្រិតជំនាញរបស់ខ្លួនទៀត ពួកគេក៏អាចមកបន្តការសិក្សាទៀតបានដែរ ពោលការរៀនជំនាញ TVET ដូចជាស្ពានចម្លងសិស្សនិស្សិតបានបន្តការសិក្សាទៅដល់ថ្នាក់ឧត្តមផងដែរ។

គួរជម្រាបថា ក្នុងចំណោមសិស្សប្រមាណ២០,០០០នាក់ ដែលបានសិក្សាជាមួយកម្មវិធីអប់រំបណ្ដុះបណ្ដាលដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ ជំហានទី១នោះ បាននិងកំពុងចុះហាត់ការបណ្ដើរៗហើយ ខណៈពួកគេក៏ទទួលបានការឧបត្ថម្ភខ្លះពីសំណាក់ម្ចាស់គ្រឹះស្ថាន សហគ្រាសផងដែរ។ សម្រាប់ជំហានទី២ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងត្រៀមទទួលសិស្សចុះឈ្មោះយ៉ាងតិច៣០,០០០នាក់ទៀត៕