(ភ្នំពេញ)៖ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ចូលជួបពិភាក្សា និងជម្រាបលាមុននឹងចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងឱកាសជម្រាបលា លោក Wang Wentian បានលើកឡើងថា ក្នុងកំឡុងបេសកកម្មរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរមានការរីកចំរើនយ៉ាងខ្លាំង។ ក្នុងនាមជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម បានចូលរួមសម្ភោធនូវសមិទ្ធផលនានា និងចាប់ផ្តើមអនុវត្តនូវគម្រោងផ្សេងៗបានយ៉ាងច្រើន ដែលនេះបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់ប្រទេសទាំងពីរ ក្នុងសហគមន៍វាសនារួម និងដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ លោក Wang Wentian បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងពោរពេញដោយសមត្ថភាព ដែលសម្តេចនឹងបន្តដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែរីកចំរើន និងមានការអភិវឌ្ឍ។

ជាងនេះទៅទៀត ឯកឧត្តមអគ្គរដ្ឋទូតចិន បានបញ្ជាក់ថា ប្រទេសចិន នៅតែបន្តគាំទ្រយ៉ាងមុះមុតក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រហូតដល់កម្ពុជារួចផុតពីការគំរាមដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ហើយឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនអាជ្ញាធរមីន ដែលបានផ្តល់នូវកិច្ចគាំទ្រ និងកិច្ចសហការយ៉ាងល្អប្រសើរក្នុងបេសកកម្មរបស់ឯកឧត្តម ជាពិសេសការរួមចំណែកក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ហើយប្រជាជនកម្ពុជាពិតជាពេញចិត្ត និងគោរពស្រឡាញ់ចំពោះទឹកចិត្តរបស់មហាមិត្តចិន។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះអាណត្តិបេសកកម្មរបស់លោក Wang Wentian ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ហើយបានកសាង និងសម្រេចនូវសមិទ្ធផលជាច្រើនជាប្រវត្តិសាស្រ្ត។

ជាមួយគ្នានោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត, ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលតែងតែដឹកនាំ ខិតខំប្រឹងប្រែងផ្តល់ភាពជាដៃគូ និងផ្តល់ការគាំទ្រដោយផ្ទាល់ដល់វិស័យសកម្មភាពមីននៅកម្ពុជា ដែលជាការងាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន៕