(កំពង់ធំ)៖ នៅក្នុងពិធីប្រគេនចង្ហាន់ជូនដល់ព្រះសង្ឃចំនួន ២០០ អង្គដែលកំពុងសិក្សារៀនសូត្រក្នុងវត្តឥន្ទ្រីយសំវរ: (ហៅវត្តកំពង់ធំ) ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានជំរុញឱ្យព្រះសង្ឃគ្រប់ព្រះអង្គគោរពប្រតិបត្តិធម៌វិន័យ ក្នុងព្រះពុទ្ធសាសនាឱ្យបានខ្ជាប់ខ្ជួន។

លោកស្រីបានបន្តថា ព្រះពុទ្ធសាសនាដើរតួនាទីយ៉ាងសំខាន់សម្រាប់ពុទ្ធបរិស័ទក្នុងការគោរពប្រណិប័តន៍ ព្រមទាំងជូយគាំទ្រក្នុងការកសាងព្រះវិហារ សាលាឆាន់ និងហេដ្ឋារចនាសម្ព័ន្ធនានា ជាមួយការលះបង់ទាំងបច្ច័យ និងសម្ភារៈដោយឧទ្ទិសកុសលសុំសេចក្តីសុខសេចក្តីចម្រើនជូនមាតាបិតា សម្រាប់បច្ចុប្បន្នជាតិ និងអនាគតជាតិ ក៏ដូចជាការជួយលើកតម្កើងនូវសាសនាជាតិដែលមិនអាចកាត់ថ្លៃបានពិសេសព្រះពុទ្ធសាសនាត្រូវបានកំណត់ជាសាសនារបស់រដ្ឋ។

លោកស្រីបានបន្ថែមថា លើសពីនេះទៅទៀតប្រជាជនជាង៩០% ជាអ្នកប្រណិប័តន៍ព្រះពុទ្ធសាសនាដោយយើងមិនអាចកាត់ផ្តាច់រវាងពុទ្ធចក្រ និងអាណាចក្របានឡើយ។ ដូចនេះ សូមឱ្យព្រះសង្ឃគ្រប់ព្រះអង្គត្រូវតែខិតខំសិក្សារៀនសូត្រពុទ្ធប្រណិប័តន៍ឱ្យបានល្អ ដើម្បីថែរក្សាព្រះពុទ្ធសាសនាឱ្យបានស្ថិតស្ថេរ យូរអង្វែង។ សម្រាប់ចង្ហាន់ប្រគេននៅថ្ងៃនេះទោះបីបើ មានការខ្វះខាតតិចតួចក៏ពិតមែនតែអាចជួយសម្រួលបានមួយផ្នែក និងផ្លាស់ប្តូរបរិយាកាស ជួយបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងព្រះសង្ឃ និងពុទ្ធបរិស័ទផងដែរ។

លោកស្រី ឃួន ឃុនឌី សូមគោរពជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គសូមមានសុខភាពល្អបញ្ញាវាងវៃ ដើម្បីគង់ជាម្លប់ដល់ពុទ្ធបរិស័ទ និងថែរក្សានូវព្រះពុទ្ធសាសនាឱ្យបានគង់វង្សយូរអង្វែង។