(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៤» បានថ្លែងថា ព្រឹត្តិការណ៍នេះ គឺជាយានរឹតចំណងមិត្តភាពប្រទេសទាំងពីរ។

ថ្លែងនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាសាលសន្និសីទចតុម្មុខ លោកស្រីរដ្ឋមន្ត្រី លើកឡើងថា អស់រយៈពេលជាង៥៧ឆ្នាំកន្លងមកនេះនៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម តែងតែមានទំនាក់ទំនងល្អ ក្នុងស្មារតីអ្នកជិតខាងល្អ សាមគ្គីភាព និងការយោគយល់គ្នាខ្ពស់។ ថ្មីៗនេះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាសញ្ញាបន្ថែមបញ្ជាក់ច្បាស់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ប្តេជ្ញាបន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់កម្រិត។

លោកស្រី បានបន្តថា ជាសក្ខីភាពនៃការចូលរួមចំណែកដល់ការរឹតបន្តឹងចំណងមិត្តភាពនេះ ក្រសួងវប្បធម៌នៃប្រទេសទាំងពីរ បានបន្តចុះហត្ថលេខា និងអនុវត្តនូវកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការស្តីពីវប្បធម៌និងសិល្បៈ សម្រាប់ឆ្នាំ២០២៣-២០២៧ ដែលកិច្ចព្រមព្រៀងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។ នៅចុងឆ្នាំ២០២៣ កន្លងទៅនេះ គណៈប្រតិភូនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសប្តាហ៍វប្បធម៌កម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម យ៉ាងអធិកអធម និងជោគជ័យ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹត្តិការណ៍នាពេលនេះ គឺជាការរៀបចំលើកទី១៩ហើយ ដោយយើងបានរៀបចំរួមគ្នា ចាប់តាំងពីឆ្នាំ២០០៦មក ដោយយកវិស័យសិល្បៈវប្បធម៌ ជាយានរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិដ៏រឹងមាំ និងយូរអង្វែងមកហើយ»។

លោកស្រីបានបន្តថា ក្រៅពីព្រឹត្តិការណ៍សប្តាហ៍វប្បធម៌ ក្រសួងវប្បធម៌ក៏ដូចជាស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ បានខិតខំរួមគ្នាពង្រឹងកិច្ចសហការទូទៅ ដោយរាប់បញ្ចូលទាំង ការផ្លាស់ប្តូរបទពិសោធន៍ ជំនាញទាំងរូបី និងអរូបី ការគាំទ្របេក្ខភាពគ្នាទៅវិញទៅមកសម្រាប់ជាសមាជិកនៃយន្តការអន្តរជាតិ ក៏ដូចជាការគាំទ្រដល់ដំណើរការចុះបញ្ជីបេតិកភណ្ឌពិភពលោក និងការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យវប្បធម៌ផងដែរ។ ក្នុងន័យនេះ ខ្ញុំសូមយកវេទិកានារាត្រីនេះ ជំរុញលើកទឹកចិត្តដល់មន្ត្រីជំនាញរបស់ប្រទេសទាំងពីរ បន្តកិច្ចសហការល្អ និងពង្រីកតំបន់សហការឱ្យកាន់តែទូលាយ ដោយត្រូវគិតគូរផងដែរទៅដល់កិច្ចសហការដោះដូរបទពិសោធន៍ក្នុងវិស័យឧស្សាហកម្មវប្បធម៌ ដែលជាវិស័យកំពុងតែមានសក្តានុពលទាំងទៅលើសេដ្ឋកិច្ច និងសង្គម។

ជាមួយគ្នានេះ លោក តា ក្វាងដូង (Ta Quang Dong) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងថា ក្នុងបរិយាកាសប្រកបដោយភាពជិតស្និទ្ធនៃទំនាក់ទំនងអ្នកជិតខាងគ្នា លោកសូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ភ្នាក់ងារពាក់ព័ន្ធកម្ពុជា និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២៤។

លោកបានជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២៤ នឹងបន្តជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការជម្រុញសាមគ្គីភាព ការស្វែងយល់ពីគ្នាទៅវិញទៅមក និងចូលរួមយ៉ាងសកម្មក្នុងការពង្រឹងនិងបន្តការអភិវឌ្ឍ «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រកបដោយនិរន្តរភាព និងយូរអង្វែង» រវាងប្រទេសទាំងពីរ។

បើតាម លោក តា ក្វាងដូង វៀតណាម ក៏បានអបអរសាទរដល់ជោគជ័យបានដ៏គួរឱ្យកត់សម្គាល់ ក្នុងវិស័យ សេដ្ឋកិច្ច វប្បធម៌ និងសង្គម ដែលកម្ពុជាទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ លទ្ធផលទាំងនេះ បន្តផ្តល់ផលវិជ្ជមានដល់ការអភិវឌ្ឍនៃការផ្លាស់ប្តូរ វប្បធម៌រវាងប្រទេសទាំងពីរ៕