(ភ្នំពេញ)៖ កម្លាំងជំនាញន្ទីរប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណី រក្សារទុក ជួញដូរ និងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនល្មើសជនជាតិវៀតណាម៣នាក់ ជាមួយគ្រឿងញៀន និងសារធាតុគីមីផ្សំសរុបជាង ១០០គីឡូក្រាម។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០៖១៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សារទុក ជួញដូរ និងកែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៣គោលដៅ៖ គោលដៅទី១ តាមបណ្តោយផ្លូវ៥១ ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, គោលដៅទី២ នៅខុនដូរខាឡា(CALLA)បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងគោលដៅទី៣ ខុនដូរ Time Square បន្ទប់លេខ១២H ជាន់ទី១២ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្រាប់លទ្ធផលនៃការបង្ក្រាបនេះ កម្លាំងជំនាញចាប់ខ្លួនជនល្មើស០៣នាក់ (ស្រី០១នាក់) ក្នុងនោះមាន៖ ១.ឈ្មោះ ង្វៀង ម៉ាញ់ហា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម, ២.ឈ្មោះ យឿង ឌឹក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម និង ឈ្មោះ ង្វៀង ធីឡាន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម។

ចំពោះគ្រឿងញៀនដែលចាប់យកបានរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (MDMA) ទម្ងន់ ១៥៤៧៧,៦៨ ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២៣៦៧,៣១ក្រាម, គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៧២២៦ក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ((Heroine) ទម្ងន់ ៣១,២១ក្រាម។ គ្រឿងញៀនសរុបទម្ងន់ ២៥១០២,២ក្រាម (២៥គីឡូ ១០២,២ក្រាម) និង សារធាតុគីមីផ្សំទម្ងន់សរុប ៨១៤៩០,៨៤ក្រាម (៨១គីឡូ ៤៩០,៨៤ក្រាម)។

បច្ចុប្បន្នជនល្មើសខាងលើត្រូវបាន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់រយៈពេលចុងក្រោយនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក្ខ ក្នុងបរិមាណរាប់សិបគីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕