(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានឲ្យដឹងថា ប្រទេសចំនួន៣៧ បានចេញសេចក្តីប្រកាសរួមគ្នា ស្តីពីកង្វល់លើសិទ្ធិមនុស្សនៅកម្ពុជា, ជុំវិញបញ្ហានេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ឆ្លើយតបភ្លាមៗថា ប្រទេសជាមិត្ត សូមពិចារណា អង្គហេតុ និងអង្គច្បាប់​ឲ្យបានច្បាស់លាស់អំពីសិទ្ធិមនុស្សនៅកម្ពុជា យើងមិនចង់បាននូវ សេរីភាពដែលហួស ពីព្រំដែនកំណត់នៃច្បាប់ ដែលយើងហៅថាអនាធិបតេយ្យ។

រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានបន្តលើកឡើងទៅកាន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសនានាថា៖ «រាជរដ្ឋាភិបាលកម្ពុជាថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ លើស្ថានភាពនៅកម្ពុជា ក៏ប៉ុន្ដែអ្វីដែលជាព្រួយបារម្មណ៍ គឺមិនចំគោលដៅនោះទេ ចំពោះកម្ពុជាយើងកំពុងតែពង្រឹងសណ្ដាប់ធ្នាប់ ដើម្បីធានាបាន នូវសិទ្ធិសេរីភាពមួយ ដែលស្ថិតនៅក្នុងច្បាប់ ដែលបានចែងជាធរមាន គឺយើងមិនចង់បាននូវ សេរីភាពដែលហួស ពីព្រំដែនកំណត់នៃច្បាប់ ដែលយើងហៅថាអនាធិបតេយ្យ»

អ្នកនាំាពាក្យរាជរដ្ឋាភិបាលដដែលរូបនោះ បានបន្តអះអាងយ៉ាងដូច្នេះថា៖ «ចំពោះការជួបជុំគ្នា កម្ពុជានៅតែបើកជំហរ សម្រាប់ការជួបជុំគ្នាដោយសន្ដិភាព ក៏ប៉ុន្ដែការជួបជុំហ្នឹងត្រូវ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ច្បាប់។ ប៉ុន្ដែរឿងការបោះឆ្នោត កម្ពុជាថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត ដែលយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំឲ្យមានដំណើរការ នៃការបោះឆ្នោតមួយ ដែលទទួលបានទៅតាមអ្វីដែលបានចែងក្នុងច្បាប់បោះឆ្នោតរបស់កម្ពុជា ហើយបានដំណើរការ ស្ថិតនៅក្នុងគណៈកម្មការជាតិរៀបចំ​ការបោះឆ្នោត។ មួយវិញទៀត យើងសូមសម្ដែងនូវការសោកស្ដាយមួយ​ ដែលគណបក្សដៃគូរ ដែលមិនបានគោរពនូវ កាតព្វកិច្ចរបស់ខ្លួន ដូចជាអង្គុយនៅក្នុង សភាជាតិ គួរឲ្យសោកស្ដាយដែលបង្កើតនូវ​ព្រឹត្តិការណ៍ពង្រឹងស្ថានការ ដែលធ្វើឲ្យយើងពិបាកនៅក្នុងការងារ ជាពិសេសនៅក្នុងសម័យការ នៃការចុះឈ្មោះបោះឆ្នោតនេះ។

ទោះជាយ៉ាងណារាជរដ្ឋាភិបាល នៅតែប្រាជ្ញាថែរក្សា នូវកិច្ចការនៃការចុះឈ្មោះបោះឆ្នោត ឬដំណើរការនៃការចុះឈ្មោះបោះឆ្នោត ឲ្យស្ថិតនៅក្នុងដែនច្បាប់ និងសមត្ថកិច្ចនៃ គ.ជ.ប ក៏ដូចជា ដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដែលបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានាបាន នូវការការពារការបោះឆ្នោតមួយ ដែលប្រកបទៅដោយភាពសុខក្សេមក្សានន្ដ ឆ្លើយតបទៅនឹងច្បាប់នៃការបោះឆ្នោត»

មន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានបន្តរៀបរាប់ថា៖ ចំណែកការដើរហើរ ការធ្វើយុទ្ធនាការនៃឃោសនា ដែលគណបក្សសង្គ្រោះជាតិ មានសេរីភាពគ្រប់គ្រាន់ ដែលធ្វើសកម្មភាពនយោបាយរបស់គេ លើកលែងតែបុគ្គល ផ្ទាល់ខ្លួនដែលមានបញ្ហាជាមួយតុលារ ដែលប្រឆាំងនឹងច្បាប់ អាស្រ័យហេតុដូច្នេះយើងសុំអំពាវនាវសារជាថ្មី ឲ្យប្រទេសជាមិត្តសុំឲ្យពិចារណា អង្គហេតុ និងអង្គច្បាប់ ដែលសុំឲ្យពិចារណាឲ្យបានច្បាប់លាស់ ចូលរួមជាមួយកម្ពុជា​ ក្នុងការពង្រឹងនីតិរដ្ឋ ហើយដែលរាជ​រដ្ឋាភិបាល ចាត់វិធានការក្នុងការពន្យល់ប្រាប់ប្រទេសជាតិមិត្ត ដែលយកចិត្តទុកដាក់ កុំឲ្យមានការព្រួយបារម្មណ៍ ពីនយោបាយនៅកម្ពុជា ប៉ុន្ដែទោះជាយ៉ាងណាវប្បធម៌សន្ទនា ដែលផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅតែបន្ដទៅមុខដើម្បីពង្រឹងនូវ សណ្ដាប់ធ្នាប់នយោបាយ ក្នុងកិច្ចការគោរពច្បាប់ទំលាប់ គឺមិនបានយកវប្បធម៌នៃការនិយាយគ្នាដើម្បីលុប បំបាត់ ឬលុកលុយ ក្នុងដែលសមត្ថកិច្ចរបស់តុលាការ ក៏ដូចជាការបំផ្លាញនូវ គ្រួសារនីតិរដ្ឋនោះទេ​។

សូមជំរាបថា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងថា ប្រទេសចំនួន៣៧បានចេញសេចក្តីប្រកាសរួមគ្នា ស្តីពីកង្វល់លើសិទ្ធិមនុស្សនៅកម្ពុជា។ ៣៧ប្រទេសនេះរួមមាន៖ សហរដ្ឋអាមេរិក, ប្រទេសអាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន ប្រទេសចំនួន ២៨ ជាសមាជិកនៃសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក៕