(មូស្គូ)៖ ប្រទេសរុស្ស៊ីបានប្រកាស ចំពោះមុខអន្តរជាតិថា ខ្លួននឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដោយប្រើយុទ្ធសាស្ត្របែបថ្មី នៅភាគខាងលិចប្រទេស នាឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នាយប់ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី លោកឧត្តមសេនីយ៍ Valery Gerasimov បានថ្លែងប្រាប់ បណ្តាញសារព័ត៌មានក្នុងស្រុកនៅថ្ងៃពុធនេះថា «យើងនឹងធ្វើសមយុទ្ធតាមយុទ្ធសាស្ត្រថ្មី ជារៀងរាល់ឆ្នាំ។ សមយុទ្ធនៅថ្ងៃខាងមុខមានឈ្មោះថា Zapad 2017 នឹងត្រូវធ្វើឡើងនៅ ភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលជាប់នឹងបណ្តាប្រទេសអឺរ៉ុប និង អ៊ុយក្រែន ផងដែរ»

គួរបញ្ជាក់ថា នៅក្នុងសមយុទ្ធថ្មីនោះ ប្រទេសរុស្ស៊ីក៏គ្រោងនឹងបង្ហាញអំពីសព្វាវុធទំនើបៗ ចុងក្រោយរបស់ខ្លួនផងដែរ។ ប្រទេសរុស្ស៊ី ចាប់តាំងពីការកើតមានជម្លោះជាមួយអ៊ុយក្រែន និង ការគ្រោងដាក់ពង្រាយ ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD របស់កូរ៉េខាងត្បូងនោះមក មហាអំណាចនេះបានធ្វើសមយុទ្ធ និងពង្រឹងទីតាំងយោធាជាយុទ្ធសាស្ត្រស្ទើរគ្រប់ទីកន្លែង។

រូបទាំងនេះជាសព្វាវុធរុស្ស៊ី ដែលត្រៀមទុកធ្វើសមយុទ្ធ បែបយុទ្ធសាស្ត្រថ្មី នៅឆ្នាំ២០១៧៕