(វ៉ាស៊ីនតោន)៖ បើទោះបីជាកំពុងមានភាពតានតឹងនឹងគ្នាស្ដីពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និង ដំណើរការសន្តិភាពជាមួយ នឹងប៉ាឡេស្ទីនក៏ដោយ ក៏សហរដ្ឋអាមេរិក នៅតែសម្រេចិត្តផ្ដល់ជំនួយ ផ្នែកយោធាជាង ៣៨ពាន់លានដុល្លារ ដល់ប្រទេសអ៊ីស្រាអែល សម្រាប់ឆ្នាំ២០១៩ ដល់២០២៨។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

ជុំវិញកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថាលេខាកាលពីថ្ងៃពុធនេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថា «កិច្ចព្រមព្រៀងជាមួយនឹង អ៊ីស្រាអែល គឺជាការចូលរួមដ៏សំខាន់ នៃជំនួយផ្នែកយោធាទ្វេភាគីក្នុងប្រវត្តិសាស្ត្រអាមេរិក ពោលគឺដូចខ្ញុំធ្លាប់បានលើកឡើងថា ការចូលរួមរបស់សហរដ្ឋអាមេរិកដើម្បីការពារសន្តិសុខអ៊ីស្រាអែល នឹងមិនការផ្លាស់ប្ដូរឡើយ»

គួរបញ្ជាក់តាមសេតវិមានអាមេរិកថា ក្នុងចំណោមជំនួយយោធាជាង ៣៨ពាន់លានដុល្លារនេះ ៣៣ពាន់លានដុល្លារ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធស្ទាក់ចាប់មីស៊ីល គ្រាប់រ៉ុក្កែត ឬ កំាភ្លើងធំជាដើម ខណៈកិច្ចព្រមព្រៀងយោធា បច្ចុប្បន្នមានតម្លៃជាង ៣០ពាន់លានដុល្លារ រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល នឹងអស់សុពលភាពនៅឆ្នាំ២០១៨៕