(ភ្នំពេញ)៖ នៅម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះសពលោក សេក បរិសុទ្ធ ដែលជាអ្នកកាសែតជើងចាស់ និងជាទីប្រឹក្សាព័ត៌មាន ផ្នែកភាសាអង់គ្លេសរបស់អង្គភាពព័ត៌មាន Fresh News ជាបុគ្គលិកបម្រើការងារនៅអង្គការ AEA ត្រូវបានក្រុមគ្រួសារដឹកសពមកដល់វត្តទួលទំពូងហើយ ដើម្បីតម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណី។

ការបាត់បង់លោក សេក បរិសុទ្ធ គឺជាការបាត់បង់នូវធនធានអ្នកកាសែតម្នាក់ គួរឲ្យសោកស្តាយជាទីបំផុត ពីព្រោះលោកត្រូវបានអ្នកកាសែតស្ទើរតែគ្រប់គ្នា បានស្គាល់ និងធ្លាប់ទទួលបានចំណេះដឹងពីលោក។ ជាមួយគ្នានេះអ្នកដែលគួរឲ្យអាណិតយ៉ាងពន់ពេកនោះ គឺភរិយា និងកូនៗរបស់លោក ដែលរស់នៅក្រោមបន្ទុកទាំងអស់ ដូច្នេះសូមអ្នកកាសែតរួមអាជីពអញ្ជើញចូលរួមបុណ្យសពលោក សេក បរិសុទ្ធ បានគ្រប់ៗគ្នាផង។

សូមបញ្ជាក់ថា លោក សេក បរិសុទ្ធ អាយុ៥០ឆ្នាំ និងបុគ្គិលរបស់លោក២នាក់ទៀត ពេលកំពុងធ្វើដំណើរទៅបំពេញបេសកកម្មក្នុងនាមអង្គការ AEA ទៅខេត្តរតនគិរី បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅទឹកដីស្រុកសំបូរ ខេត្តក្រចេះ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦រហូតបាត់បង់ជីវិត។ លោក សេក បរិសុទ្ធ ក៏មានតួនាទីជាទីប្រឹក្សានៅសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។

អធិការនគរបាលស្រុកសំបូរ ខេត្តក្រចេះ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣:៣៥នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចអូរកណ្តៀរភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរផ្លូវជាតិលេខ៧ ក្រចេះ-ស្ទឹងត្រែង។

មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង នៅពេលរថយន្តប្រភេទ Pick up ពណ៌មាស ពាក់ស្លាកលេខ OMG442002 របស់អង្គការ AEA ធ្វើដំណើរពីទិសត្បូងទៅជើងដល់ចំណុចកើតហេតុ គេចក្មេងរត់ឆ្លងកាត់ផ្លូវបណ្តាលឲ្យក្រឡាប់ បណ្តាលឲ្យលោក សេក បរិសុទ្ធ ដែលអង្គុយនៅខាងមុខ ជាប់ជាមួយតៃកុង គៀបជាប់ជាមួយរថយន្ត ស្លាប់ភ្លាមៗតែម្តង។ ដោយឡែកជនរងគ្រោះ២នាក់ទៀត មានស្រីម្នាក់អង្គុយពីក្រោយ បានរងរបួសធ្ងន់ស្រាល។

សូមបញ្ជាក់ថា លោក សេក បរិសុទ្ធ គឺជាគ្រូបង្រៀនអ្នកសារព័ត៌មាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកក៏ធ្លាប់បានបង្រៀនវគ្គខ្លីៗ ដល់អ្នកកាសែតកម្ពុជាជាច្រើននាក់ផងដែរ។ សូមដួងវិញ្ញាណក្ខន្ធរបស់លោក ទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕