(កំពង់ស្ពឺ)៖ ស្រែចំការ និងដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋជាង៣,០០០ហិចតា ក្នុងនោះ៣១៦ហិចតា ត្រូវខូចខាតទាំងស្រុង នៅស្រុកចំនួន៤ ក្នុងខេត្តកំពង់ស្ពឺ ដោយសារលិចលង់ដោយជំនន់ទឹកភ្លៀង ត្រឹមតែរយៈពេលជាងកន្លះខែតែប៉ុណ្ណោះ។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះថា សន្ទួង ស្រូវពង្រោះ ដែលលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងខេត្តកំពង់ស្ពឺ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលានេះ មានជាង៣,០០០ហិចតា នៅស្រុកចំនួន៤ ក្នុងនោះរួមមាន ទី១-ស្រុកសំរោងទង មាន១២ឃុំ ៨៥ភូមិ ២,៣៩៥ហិចតា ខូចខាតទាំងស្រុង១៧០ហិចតា ទី២-ក្រុងច្បារមន ខូចខាត៣៧៨ ហិចតា ទី៣-ស្រុកឧដុង្គ មាន២៤៥ហិចតា ខូចខាតទាំងស្រុង១៤១ ហិចតា និងទី៤-ស្រុកថ្ពង មាន៣៤០ហិចតា ខូចខាតទាំងស្រុង៥ ហិចតា ដោយឡែកប៉ះពាល់ដំណាំរួមផ្សំ២៣ ហិចតាផងដែរ៕