(ព្រះវិហារ)៖ ឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប រួមនិងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិរួមគ្នាធ្វើបុណ្យកឋិនទានដោយរកបច្ច័យបានប្រមាណ ២០ម៉ឺនដុល្លារអាមេរិក ទុកកសាងវត្ត និងសមិទ្ធផលនានាតាមទីអារាមនៅក្នុងខេត្តព្រះវិហារ។
អង្គកឋិនទាននេះ ត្រូវបានផ្តួចផ្តើមធ្វើឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈឧកញ៉ា បណ្ឌិត ទ្រី ភាព និងភរិយា ព្រមទាំងបុត្រាបុត្រី។ អង្គកឋិនទានត្រូវបានដង្ហែរទៅកាន់វត្តមរតកតេជោបុរីស្វរៈ ស្ថិតនៅភូមិតេជោធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០១៦ ដោយមានការចូលរួមពី តំណាងរាស្រ្តមណ្ឌលព្រះវិហារ អភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត កងកំលាំងសមត្ថកិច្ច និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
អង្គកឋិនទាននេះទទួលបានបច្ច័យពីសប្បុសជនជិតឆ្ងាយសរុបជិត ៥ម៉ឺនដុល្លារ និងបច្ច័យផ្ទាល់របស់ឧកញ៉ាបណ្ឌិត ទ្រី ភាព ១៥ម៉ឺនដុល្លារ។
ក្នុងឱកាសនោះ ឧកញ៉ា ទ្រី ភាព ក៏បាននាំយកនូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់សម្តេចតេជោដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ និងជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងភូមិតេជោធម្មជាតិផ្ទាល់តែម្តង និងបាននាំអំណោយរបស់សម្តេចតេជោ ចែកជូនតាជី យាយជី ជិត១០០ នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ០១ដុំ ថវិកា ៣ម៉ឺនរៀល គ្រួសារក្រីក្រ ៥០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម ថវិកា ៣ម៉ឺនរៀល សិស្សានុសិស្ស ៣០០នាក់ ក្នុងម្នាក់ទទួលបានប៊ិក ២ដើម សៀវភៅ ២ក្បាល និងថវិកា ១ម៉ឺនរៀល និងការឧបត្ថមដល់កងកម្លាំងសមត្ថកិច្ចផ្សេងៗទៀតផងដែរ។
ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឧកញ៉ា ទ្រី ភាព បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសធានាបាននូវស្ថេរភាពនយោបាយបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃបានទាំងស្រុង។
លោកឧកញ៉ា បន្តថា សន្តិភាពកើតចេញពីការពលីកម្មទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីរបស់សម្តេចតេជោ ហ៊ុន សែន និង ឥស្សរជនរបស់កម្ពុជាជាច្រើនរូប បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជារស់ក្នុងភាពសុខដុម និងមានឱកាសប្រកបរបររកស៊ីចិញ្ចឹមជីវិតឲ្យបានរីក ចម្រើនឈានឡើងជាលំដាប់៕