(ភ្នំពេញ)៖ ផលិតកម្ម សាន់ដេ បានបញ្ចេញ​នូវអាល់ប៊ុម MV ថ្មីមួយទៀត ដែលជាការបកស្រាយរួមគ្នា របស់កំពូលតារាចម្រៀង សម្ដីផ្អែមស្រទន់ កញ្ញា សុខ ពិសី និង លោក ខេមរៈ សិរីមន្ត ជាប្រភេទអាល់ប៊ុមសាច់រឿង កំពុងតែផ្ទុះកក្រើកជាថ្មី ពីសំណាក់អ្នកគាំទ្រ ជាពិសេសយុវវ័យ ខណៈការសម្ដែងមានភាពរស់រវើក ល្អឥតខ្ចោះរបស់កំពូលតារាចម្រៀង ទាំងពីរដួង។

សម្រាប់តារាចម្រៀង មានឈ្មោះបោះសំឡេងល្បីរន្ទឺ ក្នុងប្រទេសកម្ពុជា កញ្ញា សុខ ពិសី បានបង្ហាញនូវឈុតឆាក​ពិសេសជាច្រើន ក្នុងសាច់រឿង ដែលត្រូវបានថតចេញជា MV បទចម្រៀង ជាមួយនឹង កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ​ខណៈដែលបទចម្រៀង ទើបតែចេញជា Trailler MV រយៈពេលប្រមាណ២ទៅ៣ថ្ងៃ ប៉ុណ្ណោះឃើញថា មានអ្នកចូលទស្សនា ប្រមាណជិត៦ពាន់នាក់ ឯណោះ។

អ្វីដែលជាការលោតឡើង គួរឲ្យចាប់អារម្មណ៍​ក្នុងអាល់ប៊ុម MV នេះ គឺបទ «ចោលអ្នកស្មោះ​ជ្រើសអ្នកក្បត់» ដែលជាការបកស្រាយរបស់ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងជាការសម្ដែង ដោយកំពូលតារាចម្រៀង សម្ដីមានមន្តស្នេហ៍ កញ្ញា សុខ ពិសី និងម្ចាស់បទ ដែលធ្វើឲ្យអ្នកទស្សនា ខំផ្ចិតផ្ចង់មើលមិនដាក់ភ្នែក។

ងាកមកមើលក្នុង Page Facebook ផ្លូវការរបស់ ផលិតកម្ម សាន់ដេ ឯណេះវិញ ក៏បានបង្ហាញ Trailler MV បទ «ចោលអ្នកស្មោះជ្រើសអ្នកក្បត់» អមជាមួយនឹងប្រយោគថា «ពិតមែនហើយខ្ញុំ​ជាមនុស្សល្ងង់​ ប៉ុន្ដែសូមកុំទៅចោល​មនុស្សល្ងង់ម្នាក់នេះ បាន​ទេ​ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់...​ឈឺចាប់បំផុត ពេលមើលឃើញមនុស្ស ដែលខ្ញុំស្រឡាញ់កំពុងដើរធ្លាក់ ក្នុងរណ្ដៅ ប៉ុន្តែខ្ញុំមិនអាចការពារនាងបាន..​ដឹងថា បងជាមនុស្សល្ងង់ មានចិត្តស្មោះត្រង់ និងស្រស់មាសមេ...​មិនដូចគេ..​ដូចគេ..​ឆ្លាតតែក្បត់..​!» ដែលសុទ្ធតែជាប្រយោគ បង្ហាញពីអារម្មណ៍ពិត​របស់តួឯកប្រុស គឺលោក ខេមរៈ សិរីមន្ត។

សូមទស្សនា Trailler MV បទ «ចោលអ្នកស្មោះជ្រើសអ្នកក្បត់» ទាំងអស់គ្នា ថាតើមានភាពទាក់ទាញកម្រិតណា?